ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីប្រើអំពើហិង្សាដោយចេតនា បន្ទាប់ពីចូលឃាត់ឪពុកក្មេកកុំឱ្យរករឿងម្ដាយក្មេកមិនស្ដាប់ទើបច្រានឱ្យដួលប៉ះចំអំបែងកែវបណ្តាលឱ្យដាច់មុខរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ នៅក្នុងភូមិ ព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្ត ស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ុល ចាម អាយុ២៣ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំជាមួយគ្នា។
ចំណែកឪពុកក្មេករងគ្រោះមានឈ្មោះ ឡាញ់ រ៉ែន អាយុ៥៧ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំជាមួយគ្នា។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុនៅផ្ទះឈ្មោះ ឆេង សាម៉ៃ ភេទស្រីអាយុ៥៣ឆ្មាំ ស្ថិតនៅក្នុងភូមិព្រៃត្រុំ ឃុំ ញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ឈ្មោះឡាញ់ រ៉ែនបានផឹកស្រាស្រវឹងហើយក៏បានបោកចានបោកកែវ រូចរករឿងវាយប្រពន្ធរបស់ខ្លួន ខណ:នោះជនសង្ស័យជាកូនប្រសាក៏ដើរទៅឃាត់កុំឱ្យទៅរករឿងម្តាយ តែឃាត់មិនស្តាប់ ទើបច្រានឪពុកក្មេកដួលទៅលើដីប៉ះចំអំបែងកែវបណ្តាលឱ្យដាច់មុខរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នជនរងគ្រោះកំពុងព្យាបាលនៅមណ្ឌលសុខភាពស្វាយទាប។
ចំណែកជនសង្ស័យកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំញរ ឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖យឹម សុថាន