ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកសំរាមពេញទំហឹងបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក CHVROLET COLORADO  មួយគ្រឿងបានវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកសំរាមកំពុងឈប់ប្រមូលសំរាមចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង ៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅចំណុចខាងកើតស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តដឹកសំរាមពណ៌ខៀវមួយគ្រឿងធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ដើម្បីប្រមូលសំរាម ខណៈនោះក៏មានរថយន្តមួយគ្រឿងម៉ាកCHVROLET CORORADO ពណ៌សពាក់ស្លាកលេខភ្នំពេញ2BI-8676បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចបានវ៉ាចេញនឹងរថយន្តមួយគ្រឿងទៀតមកខាងស្ដាំដៃដោយមិនប្រយ័ត្នជ្រុលទៅបុកចំពីមុខរថយន្តដឹកសំរាមពេញទំហឹងបណ្តាលឲ្យរថយន្តបង្កខូចខាតធ្ងន់ធ្ងរជាងរថយន្តដឹកសំរាម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដោយភាគីទាំងពីរចរចាគ្នាមិនត្រូវទើបសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖