ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ត្រូវជាប្អូនប្រុសម្ចាស់សណ្ឋាគារ អន្តរជាតិ ធានយី បានទះកំផ្លៀងទៅលើបុរសម្នាក់ជាបុគ្គលិកបម្រើការនៅក្នុងសណ្ឋាគារ ៣លើកជាបន្តបន្ទាប់ ត្រូវបានជនរងគ្រោះទ្រាំមិនបានប្តឹងទៅសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នៅចំណុចសណ្ឋាគារ អន្តរជាតិ ធានយី នៅជាប់ស្ពានអាកាសផ្សារដីហុយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សេង កុសល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាបុគ្គលិក បម្រើការនៅសណ្ឋាគារ អន្តរជាតិ ធានយី ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅឯខេត្តព្រៃវែង។ចំណែកជនបង្កជាជនជាតិចិនមានឈ្មោះ ហ្វាគឺ ភេទប្រុស ជាប្អូនប្រុសម្ចាស់សណ្ឋាគារខាងលើ។
តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា នៅចន្លោះចុងឆ្នាំ២០២១ ជនបង្កបានទះកំផ្លៀងរូបគាត់ពីរលើក ខណៈដែលរូបគាត់កំពុងចុចទូរស័ព្ទលេង ដោយមិនបានចាំវេលានិងថ្ងៃទីប៉ុន្មាននោះទេ ហើយរូបគាត់ក៏មិនបានទៅប្តឹងសមត្ថកិច្ចនោះដែរ ដោយសម្ងំទប់ចិត្តរហូតដល់ថ្ងៃកើតហេតុខាងលើ រូបគាត់បានអង្គុយចុចទូរស័ព្ទលេងដូចសព្វដងទៀត ខណៈនោះជនបង្កដែលជាជនចិនត្រូវជាប្អូនម្ចាស់សណ្ឋាគារខាងលើបានដើរមកឃើញ ហើយរូបគាត់ឃើញដូច្នោះក៏ខំងើបឡើងគោរពជនបង្កត្រឹមត្រូវ តែមិនដឹងជាយ៉ាងម៉េចនោះទេស្រាប់តែជនបង្កបានទះកំផ្លៀងមកលើរូបគាត់មួយដៃ ធ្វើឱ្យរូបគាត់ខឹងខ្លាំងទ្រាំនឹងទង្វើជនបង្កធ្វើមកលើរូបខ្លួនដដែលៗ ទើបរូបគាត់ទំនាក់ទំនងទៅសមត្ថកិច្ចឱ្យចុះមកធ្វើអន្តរាគមន៍។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើការសួរនាំ រួចបានឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីឱ្យសមត្ថកិច្ចហៅជនបង្កមកធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ