ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកម៉ូតូពីក្រោយ ដួលអូសជិត ៥០ ម៉ែត្របណ្តាលលឲ្យបុរសពីរនាក់រងរបួសពេញខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាជោកជាំបើករថយន្តតូយ៉ូតាព្រូស មួយគ្រឿងជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងដួលអូសជិត៥០ ម៉ែត្រ បណ្តាលឲ្យបុរសពីរនាក់រងរបួសដៃជើងពេញខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែមករាឆ្នាំ ២០២២ នៅចំណុចលើស្ពានអាកាស៥ មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសពីរ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1AC-7128 ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2BL-1658បើកបរដោយបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំង ធ្វើដំណើរមកពីក្រោយបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យម៉ូតូដួលអូសទៅមុខជិត ៥០ម៉ែត្រ ចំណែកបុរសពីរ នាក់ដែលជិះម៉ូតូបានរងរបួសដៃជើងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានលេចមុខបុរសម្នាក់អះអាងថាជាអ្នកតំណាងខាងឲ្យគាគីរថយន្តបង្ក បានមកធ្វើការសម្រុះសម្រួលជាមួយភាគីរងគ្រោះ បន្ទាប់មកខាងភាគីរងគ្រោះបានទារសំណងចំនួន ១.០០០ ដុល្លារ ដោយខាងភាគីបង្កយល់ព្រមឲ្យដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖