នៅក្នុងអត្ថបទដែលបានបង្ហោះនៅលើសារព័ត៌មាន Le Monde អ្នកសារព័ត៌មាន Alain Frachon បានលើកឡើងពីតំបន់ដែលអាចផ្ទុះសង្គ្រាមប្រដាប់អាវុធនៅក្នុងឆ្នាំ ២០២២។
តាមការលើកឡើងរបស់អ្នកនិពន្ធ Alain តំបន់ដែលប្រឈមហានិភ័យនៃការផ្ទុះសង្គ្រាម គឺប្រទេសអុីរ៉ង់។ កិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងបរមាណូអុីរ៉ង់បានតភ្ជាប់ឡើងវិញតែមិនសូវមានការរីកចម្រើនទេ។ ក្នុងពេលនោះដែរ ការយោគយល់គ្នាកាន់តែតិចទៅៗ ។ តាមការលើកឡើងរបស់អ្នកឯកទេស Alain រដ្ឋាភិបាលទីក្រុងតេអេរ៉ង់មិនភ្លេចគោលនយោបាយរបស់លោកត្រាំ ដែលបានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាឯកតោភាគី ទាំងនោះហើយបានជាអុីរ៉ង់បានលើកឡើងនូវលក្ខខណ្ឌមួយចំនួន។
មកទល់ពេលនេះដែរអុីរ៉ង់បានបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ម ៦០% ដែលក្រុមអ្នកជំនាញបានលើកឡើងថា អុីរ៉ង់នឹងចំណាយពេលបន្ថែមតែមួយខែទៀតប៉ុណ្ណោះនឹងឈានដល់កម្រិតអាចបម្រើដល់វិស័យយោធាបាន។ ចំណុចទាំងនោះហើយអាចធ្វើឲ្យអុីស្រាអែលនិងអាមេរិក អាចបើកការវាយប្រហារទៅលើប្រទេសអុីរ៉ង់ គឺសំដៅទៅលើទីតាំងបរមាណូរបស់ប្រទេសនេះ។ ក្នុងពេលនោះអុីរ៉ង់នឹងវាយតបវិញ ក្លាយទៅជាសង្គ្រាមគ្របដណ្តប់ទូទាំងតំបន់មជ្ឈិមបូព៌ា។
តាមការលើកឡើងរបស់អ្នកសារព័ត៌មាន Alain Frachon តំបន់ដែលហានិភ័យផ្ទុះសង្គ្រាមបន្តទៀតនោះគឺ កោះតៃវ៉ាន់។ ក្នុងពេលនេះចិនបានបញ្ជូនកម្លាំងទាហាន សព្វាវុធដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាការត្រៀមលក្ខណៈវាយប្រហារទៅលើកោះតៃវ៉ាន់ ប្រសិនបើកោះតៃវ៉ាន់ប្រកាសឯករាជ្យ។ ប៉ុន្តែកោះតៃវ៉ាន់បានព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងការការពារសន្តិសុខដល់កោះតៃវ៉ាន់។
តំបន់ផ្សេងមួយទៀត ដែលអ្នកសារព័ត៌មាន Alain Frachon បានលើកឡើងនោះគឺប្រទេសអ៊ុយក្រែន ដែលកំពុងតែតានតឹងជាមួយភាគីរុស្ស៊ី ។ អ្វីដែលអ្នកសារព័ត៌មាន Alain Frachon បានលើកឡើងនោះគឺជាប់ពាក់ព័ន្ធនឹងមហាអំណាចយោធាលើពិភពលោកទាំង៣ប្រទេស នោះគឺ អាមេរិក រុស្ស៊ី និងចិន៕
ដោយ៖ធីរីណា(រូបថត៖AP)