សារព័ត៌មាន AP បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងជួយសង្គ្រោះដែលបានឱ្យដឹងថាយ៉ាងហោចណាស់ក៏មានមនុស្ស ៦នាក់ដែរបានស្លាប់ និងជាង២០ នាក់បាត់ខ្លួនក្នុងហេតុការណ៍បាក់ថ្មភ្នំជាផ្ទាំងក្នុង តំបន់អេកូទេសចរណ៍ធម្មជាតិបឹង Furnas ភាគខាងកើតប្រទេសប្រេស៊ីល។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង១១ថ្ងៃទី ៨ខែមករា(ពេលវេលានៅប្រេស៊ីល) នៅបឹង Furnas ជិតទីក្រុង Capitolio រដ្ឋ Minas Gerais ប្រទេសប្រេស៊ីល។ ក្រៅពីអ្នកស្លាប់និងបាត់ខ្លួននៅមានមនុស្ស ៣២នាក់ផ្សេងទៀតរងរបួស ។
ឃ្លីបវីដេអូបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញថា ស្នាមប្រេះនៅលើជញ្ជាំងភ្នំឈរត្រង់ ចំពេលដែលទូកទេសចរណ៍ កំពុងតែធ្វើដំណើរនៅក្បែរភ្នំនោះ ក៏ស្រាប់តែបាក់ស្រុតចុះតែម្តង សង្កត់ទៅលើទូកទេសចរណ៍២គ្រឿង។
លោក Gerais Edgard ប្រធានក្រុមជួយសង្គ្រោះរដ្ឋ Minsd បានឱ្យដឹងថា មានមនុស្ស២០នាក់នៅបាត់ខ្លួន។ ក្រុមមុជទឹក ឧទ្ធម្ភាគចក្រជួយសង្គ្រោះក៏បានខិតខំស្វែងរកអ្នកបាត់ខ្លួនដែរ ។ លោក Gerais Edgardបន្តទៀតថា ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃកន្លងមក អាចជាមូលហេតុបណ្តាលឱ្យថ្មភ្នំបាក់ចុះមក។
ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានបង្ហោះឃ្លីបវីដេអូនៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនដោយនិយាយថា កម្លាំងទាហានជើងទឹកបានទៅជួយសង្គ្រោះនិងស្វែងរកអ្នកបាត់ខ្លួន៕ ដោយ៖ធីរីណា
រូបថត៖observatorial.com
រូបថត៖AFP/TTXVN