ភ្នំពេញ ៖ ក្រោយពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍសង្កាត់ ពីឆ្នាំ២០១៧-២០២២ និងផែនការកម្មវិធីនយោបាយទិសដៅការងារអភិវឌ្ឍសង្កាត់ពីឆ្នាំ២០២២-២០២៧ ក្នុងអង្គសន្និបាតគណបក្សប្រជាជនកម្ពុជាសង្កាត់គោកឃ្លាង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះ លោក ម៉ូវ ម៉ានិត ប្រធានគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ បានប្រកាសសមាសភាពបេក្ខភាពដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់គោកឃ្លាង អណត្តិទី៥ និងបានធ្វើការផ្តាំផ្ញើអោយសង្កាត់ខិតខំបំរើប្រជាពលរដ្ឋបន្ត ដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត សង្កាត់ត្រូវបន្តខិតខំធ្វើល្អ និងកែលម្អរភាពអសកម្មមួយចំនួន ដោយផ្តោតយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវបំពេញតំរូវការ និងយកចិត្តទុកដាក់បន្ថែមលើ ការងារផ្តល់សេវាអោយរហ័ស មានតម្លាភាព បដិសដ្ឋារកិច្ចល្អ យកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ភូមិសង្កាត់មានសុវត្ថិភាព ការងារអនាម័យបរិស្ថាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តាភូមិក្នុងសង្កាត់។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបចំពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍសង្កាត់ពីឆ្នាំ២០១៧-២០២២ និងទិសដៅការងារអភិវឌ្ឍសង្កាត់ពីឆ្នាំ២០២២-២០២៧ នៅទីស្នាក់ការគណៈបក្សសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ លោក សាផុន វឌ្ឍនៈ ប្រធានក្រុមការងារចុះជួយសង្កាត់គោកឃ្លាង លោក ម៉ូវ ម៉ានិត ប្រធានគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ លោស្រី ឈាន សុខេន អនុប្រធានប្រចាំករគណបក្សខណ្ឌ និងមានការអញ្ជើញចូលរួមពី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ លោក លោកស្រីជាក្រុមការងារចុះជួយខណ្ឌ-សង្កាត់ និងប្រធាន អនុប្រធានសាខាបក្ស យុវជនបក្ស សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សរុបចំនួនប្រមាណ១៥០នាក់។ ក្រោយពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍសង្កាត់ និងកម្មវិធីនយោបាយ អង្គសន្និបាតនាថ្ងៃនេះទទួលបានលទ្ធផលដូចខាងក្រោម៖
១-អង្គសន្និបាតបានសម្រេចគាំទ្រលើរបាយការណ៍ដែលបានអនុវត្តរយៈពេល៥ឆ្នាំកន្លងមក និងបន្តគាំទ្រកម្មវិធីអភិវឌ្ឍសង្កាត់រយៈពេល៥ឆ្នាំបន្ត ដោយសំលេងគាំទ្រ១០០% ក្នុងអណត្តិទិ៥។
២-ប្រកាសសមាសភាពបេក្ខភាពដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អណត្តិទី៥៕
ដោយ ៖ សិលា