ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ៖ សូមបងប្អូនបញ្ឈប់ប្រើប្រាស់ផលិតផលលក់តាមអនឡាញនេះជាបន្ទាន់ !

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ 1-គ្រួសាររីករាយ៣ 2-គ្រួសាររីករាយ88 កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ 1-ភេសមុទ្រ VINGRONG TABLET, 2-HREN TONGKAT ALL, 3-FRANCE T253, 4-quinny (CAIQING MEN’S MASSAGE OIL) គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹម ថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២១។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវ ឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជីកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹង ទិញផលិតផលឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើ សំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ២-ផ្នែកខាងក្រោមមានលេខទិដ្ឋាការ ឬបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផល បំប៉នសុខភាពដែលគ្មានលេខបញ្ជីកាតាមគណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងឈប់ប្រើប្រាស់ផលិតផលទាំង នេះជាបន្តទៀត ព្រោះផលិតផលទាំងនេះមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ។ ម្ចាស់គណនី បណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកាទាំងនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលបំបំនសុខភាពដែលគ្មានលេខបញ្ជិកាខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយឬលក់ផលិតផលបំប៉នសុខភាព ដែលគ្មានលេខបញ្ជីកាខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណី អាហារៈ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ០១២៩០៤៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០, ០១២ ៥៦២ ៤៤៦៕

ដោយ ៖ សិលា


ចែករំលែក៖