ខេត្តស្វាយរៀង ៖ គោយន្តកែច្នៃដឹកធុងបាស់សណ្តោងម៉ាសុីនភ្លើងមួយគ្រឿង ឈប់ចតចាក់ទឹកគ្មានភ្លើងសញ្ញាសម្គាល់ពីក្រោយត្រូវម៉ូតូបើកបុកយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសអ្នកបើកម៉ូតូជាទម្ងន់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី១០ ខែមករាឆ្នាំ២០២២ នៅលើផ្លូវលំត្រង់ចំណុចភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ។
សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សំ ចំរើន អាយុ៣៤ឆ្នាំ មុខរបរកសិកររស់នៅភូមិអូរសំដី ឃុំធ្លក ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
ចំណែកអ្នកបើកគោយន្តត្រូវបានគេស្គាល់ឈ្មោះ វ៉ា អេង អាយុ៣៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងកែវ ឃុំជ្រៃធំ ស្រុករមាសហែក និងរួមដំណើរដោយឈ្មោះ ណត រ័ត្ន អាយុ៣២ឆ្នាំ រស់ភូមិឃុំជាមួយគ្នា។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានគោយន្តកែច្នៃដឹកធុងបាស់សណ្តោងម៉ាសុីនភ្លើងមួយគ្រឿងឈប់ចតចាក់ទឹក គ្មានភ្លើងសញ្ញាសម្គាល់ពីក្រោយក្នុងទិសដៅពីជើងទៅត្បូង ហើយពេលនោះដោយសារយប់ងងឹតផងក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AU-៩០១០ក្នុងទិសដៅស្របគ្នាបានបើកទៅបុកពីក្រោយគោយន្តកែច្នៃនោះយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសម្នាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ក្រោយមកនគរបាលចរាចរណ៍បានមកដល់ធ្វើការវាស់វែងនិងអូសយកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំក្រសាំងដោះស្រាយនៅពេលក្រោយតាមច្បាប់៕
ដោយ៖យឹម សុថាន