ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ ជាប្រធានគណ:កម្មាធិការចំពោះកិច្ច យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យមើលសកម្មភាព ក្រុមការងារចាក់វ៉ាក់សាំង របស់កងពលតូចថ្មើរជើងលេខ៥២ សហការជាមួយមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ) ជូនប្រជាពលរដ្ឋ និងអាជីវករ កម្មករ កម្មការនី ព្រះសង្ឃ ក្រុមទី១ នៅគោលដៅ វត្តសមាធិផល ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈកម្មាធិការចំពោះកិច្ច យោធភូមិភាគទី៥ បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ក្នុងកិច្ចការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ចំណុះយោធភូមិភាគទី៥ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបំពេញភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដូសទី៣(ដូសជម្រុញ) ដែលប្រព្រឹត្តទៅយ៉ាងរលូន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកបានបន្ដទៀតថា ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣(ដូសជម្រុញ) ជូនប្រជាពលរដ្ឋនាពេលនេះគឺ ជាការគិតគូរខ្ពស់ ដល់សុខទុក្ខ នឹងសុខមាលភាព ប្រជាពលរដ្ឋពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការផ្ដល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដើម្បីជៀសឲ្យផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងបំប្លែងថ្មី(អូមីក្រុង)ផងដែរ ៕
ដោយ៖ សូរិយា