ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងការងារ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យជាចុងក្រោយសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ក្នុងគោលបំណង មានការទទួលខុសត្រូវ ក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យជាចុង ក្រោយនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ក្នុងគោលបំណងលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ សុចរិតភាព និងការទទួលខុសត្រូវរបស់វិស្វករក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម ដើម្បីធានាបាននូវ សុវត្ថិភាព គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការការពារនូវផល ប្រយោជន៍សាធារណៈ។ វិស្វករ គឺជាធនធានដ៏ចាំបាច់ក្នុងការចូលរួមចំណែកអភិវឌ្ឍការងារវិស្វកម្មនៅកម្ពុជា។ 

ដោយផ្អែកលើសារៈសំខាន់នៃតួនាទីនិងភារកិច្ចរបស់វិស្វករគ្រប់រូប និងកិច្ចព្រម ព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មអាស៊ាន គណៈវិស្វករកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដើម្បីប្រមូលផ្តុំនិងគ្រប់គ្រងវិស្វករចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់។ 

កន្លងមក អនុលោមតាមមាត្រា២៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/ ៤១៣ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈវិស្វករកម្ពុជា ក្រម សីលធម៌វិស្វករនៃគណៈវិស្វករកម្ពុជាត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តដោយសេច ក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា លេខ២០០/១០ ស.ស.រ/គ.វិ.ក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០។ 

ដើម្បីឱ្យស្របតាមបរិបទនៃការវិវត្តផ្នែកសង្គម និងសេដ្ឋកិច្ចកម្ពុជា និងច្បាប់ស្តីពីសំណង់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់មាត្រា១៣ នៃច្បាប់នេះចែងថា អ្នកវិជ្ជាជីវៈវិស័យសំណង់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌របស់ខ្លួន។ 

អនុលោមតាមប្បញ្ញត្តិនៃមាត្រានេះ និងដើម្បីឱ្យមានឯកភាពនីយកម្មក្រមសីលធ៌មវិស្វករដែលកំពុងប្រកបវិជ្ជាជីវៈវិស្វកម្មនៅព្រះរាជាណាចក្រកម្ពុជា អគ្គលេខា ធិការដ្ឋាននៃគណៈវិស្វករកម្ពុជាបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ដោយផ្អែកលើខ្លឹមសារទាំងស្រុងនៃ សេចក្តីសម្រេចស្តីពីក្រមសីលធម៌វិស្វករ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ និងធ្វើបច្ចុ ប្បន្នភាពចំណុចមួយចំនួនឱ្យកាន់តែស្រប តាមការវិវត្តន៍ថ្មីនៃសេដ្ឋកិច្ច-សង្គម និងអនុលោមភាពតាមបទដ្ឋានគតិយុត្តិថ្មីៗផងដែរ។

ជាចុងក្រោយលោករដ្ឋមន្រ្តី បានណែនាំឱ្យអគ្គលេខាធិការដ្ឋាននៃគណៈវិស្វករកម្ពុជា រៀបចំកម្មវិធីដើម្បីធ្វើជាសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធនូវសេចក្តីព្រាងស្តីពីក្រមសីលធម៌វិស្វករ៕

ដោយ៖ សូរិយា


ចែករំលែក៖