ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសភាអឺរ៉ុបលោក David Sassoli បានទទួលមរណភាព

ចែករំលែក៖

ប្រធានរដ្ឋសភាអឺរ៉ុបលោក David Sassoli បានទទួលមរណភាពនៅក្នុងប្រទេសអុីតាលី នៅវេលាម៉ោង១និង១៥នាទីថ្ងៃទី១១ខែមករា ក្នុងតំបន់ Aviano ប្រទេសអុីតាលី (ពេលវេលាក្នុងតំបន់)។
កាលពីថ្ងៃទី១០ ខែមករា លោក Robert Cuillo អ្នកនាំពាក្យរដ្ឋសភាអឺរ៉ុបបានឱ្យដឹងថា ប្រធានសភាអឺរ៉ុប លោក David Sassoli ត្រូវចូលទៅកាន់មន្ទីរពេទ្យនៅក្នុងប្រទេសអុីតាលីតាំងពីថ្ងៃទី២៦ខែធ្នូ បន្ទាប់ពីប្រព័ន្ធភាពស៉ាំរបស់លោក បានដំណើរការខុសប្រក្រតី។ ទោះជាយ៉ាងណាក្តី ជុំវិញមរណភាពរបស់លោក Sassoli អ្នកនាំពាក្យរូបនេះ មិនបានផ្តល់ការបកស្រាយអ្វីលម្អិតទៀតនោះទេ។
លោក Sassoli វ័យ៦៥ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសតាំងជា សមាជិកនៅសភាអឺរ៉ុប ជាលើកដំបូងកាលពីឆ្នាំ២០០៩ ហើយលោកបានជាប់មួយអាណត្តិទៀតកាលពីឆ្នាំ២០១៤ និងបានកាន់តួនាទីជាអនុប្រធានសភា។ បន្ទាប់មកនៅខែកក្កដា ឆ្នាំ២០១៩ លោក Sassoli ក៏បានឡើងជាប្រធានសភាអឺរ៉ុបតែម្តង។ កន្លងមក លោកបានសម្រេចមិនឈរឈ្មោះទៀតឡើយ នៅពេលដែលសមាជិកសភាអឺរ៉ុបត្រូវបោះឆ្នោតជ្រើសរើសប្រធានថ្មីក្នុងខែមករា ឆ្នាំ២០២២នេះ៕ ដោយ៖ធីរីណា

រូបថត៖Getty

 


ចែករំលែក៖