ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិអំពាវនាវឱ្យផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថានមានទឹកប្រាក់៥ពាន់លានដុល្លារ

ចែករំលែក៖

អង្គការសហប្រជាជាតិបានអំពាវនាវដល់សហគមន៍អន្តរជាតិជួយបរិច្ចាគប្រាក់សម្រាប់សកម្មភាពមនុស្សធម៌ដល់ប្រទេសអាហ្វហ្គានីស្ថានមានទឹកប្រាក់ ៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២នេះ ដើម្បីទប់ស្កាត់សោកនាដកម្ម និងជួយដល់ប្រទេសនេះមានអនាគតភ្លឺស្វាង បន្ទាប់ពីរងការបំផ្លាញរយៈពេល ២ទសវត្សរ៍កន្លងមកដោយសារសង្គ្រាម។
នៅថ្ងៃទី១១ខែមករា អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកមនុស្សធម៌ លោក Martin Griffiths បានបញ្ជាក់ថា អាហ្វហ្គានីស្ថានកំពុងប្រឈមនឹងបញ្ហាមនុស្សធម៌យ៉ាងខ្លាំង ហើយសហគមន៍អន្តរជាតិគួរតែបរិច្ចាគដើម្បីទប់ស្កាត់គ្រោះអត់ឃ្លាននៅក្នុងប្រទេសនេះ ក៏ដូចជាកង្វះអាហារូបត្ថម្ភ និងស្លាប់។
លោក Martin Griffiths បានបញ្ជាក់ថា កញ្ចប់ជំនួយខាងលើនឹងជួយចែកចាយស្បៀងអាហារ និងជួយដល់វិស័យកសិកម្ម សេវាសុខាភិបាល ផ្តល់ទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព ទឹកស្អាត និងអបរំ។ លោកបន្តទៀតថា ប្រសិនបើសហគមន៍អន្តរជាតិមិនជួយដល់អាហ្វហ្គានីស្ថាននោះទេ ប្រទេសនេះនឹងត្រូវប្រឈមជំងឺជាច្រើន គ្រោះអត់ឃ្លាន ពលរដ្ឋនឹងត្រូវបោះបង់ចោលផ្ទះសម្បែង។
ទឹកប្រាក់៥ពាន់លានដុល្លារ នឹងត្រូវចំណាយ៤,៤ពាន់លានដុល្លារ សម្រាប់ផ្តល់ជំនួយនៅក្នុងឆ្នាំនេះ ដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ២២លាននាក់ និងទឹកប្រាក់ ៦២៣លានដុល្លារសម្រាប់ជួយដល់ពលរដ្ឋ៥,៧លាននាក់ដែលភៀសខ្លួនទៅកាន់៥ប្រទេសជិតខាង៕

ដោយ៖ធីរីណា(រូបថត៖AFP/TTXVN)


ចែករំលែក៖