ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ រដ្ឋបាលរាជធានីគ្រោងសាងសង់ស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា នឹងចាប់ផ្តើមសាងសង់ចាប់ពីខែមីនានេះហើយ ដោយប្រើប្រាស់រយៈពេល នៃការ សាងសង់ជាង១៤ខែ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ គម្រោងសាងសង់ស្ពានអាកាសផ្លូវ២០០៤ ស្ថិតនៅផ្លូវប្រសព្វរវាង មហាវិថី សហព័ន្ធរុស្ស៊ី និង វិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវ២០០៤) ត្រៀម ស្ថាបនា ចាប់ពីខែមីនាឆ្នាំ២០២២នេះហើយ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួនជាង១៤ខែ ពោលគឺ នឹងស្ថាបនាឱ្យបានរួចរាល់នៅមុនដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

   នេះបើតាមការបញ្ជាក់ឲ្យដឹង នៅក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកស ថេតស្នងការនគរបាលរាជធានីភ្នំពេញ លោករដ្ឋលេខាធិការ នៃរដ្ឋលេខាធិដ្ឋានអាកាសចរស៊ីវិល តំណាងក្រុមហ៊ុន OCIC និងមានការចូលរួមពី មន្ត្រីជំនាញមួយចំនួនទៀត។  កាលពីរសៀលថ្ងៃទី ១១ មករា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។ 

  លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីគម្រោងនៃការសាងសង់ស្ពានអាកាសនេះថា គម្រោងស្ពានអាកាសផ្លូវ២០០៤ នឹងចាប់ផ្ដើមនៅខែមិនាឆ្នាំ២០២២ខាងមុខ ដោយប្រើប្រាស់រយៈពេលជាង១៤ខែ ហើយក្នុងរយៈពេលនេះរហូតដល់ខែមិនា ក្រុមជំនាញនឹងធ្វើការសិក្សាពីផ្លូវវាង នឹងធ្វើការសិក្សាពីផលប៉ះពាល់មួយចំនួន។ ស្ពាននេះនឹងធ្វើឡើងស្របពីលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គ្របពីលើផ្លូវ២០០៤ ប្រសព្វជាមួយនឹងផ្លូវ២០១១ ។

   គម្រោងស្ពានអាកាសផ្លូវ២០០៤នេះ មានប្រវែង ៥១៦.២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រប្រវែងទទឹង តួស្ពាន ១៥.៨ម៉ែត្រ កំពស់តួស្ពាន ត្រង់ចំណុច កណ្ដាល ៥.០-៥.៥ម៉ែត្រ។

   លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា ស្ពានអាកាសថ្មីនេះ យើងនឹងធ្វើការងារទាំងថ្ងៃទាំងយប់ ដើម្បីឲ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក មានន័យថា ធ្វើឱ្យបានរួចរាល់នៅ មុនដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការបង្កើតនូវគម្រោងទី១ នៃការកសាងស្ពានអាកាសនៅចំណុចខាងលើនេះលោកឃួង ស្រេង នៅតែជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសហការជាមួយនឹងក្រុមហ៊ុន ocic សិក្សាពីការសាងសង់ផ្លូវក្រោមដីនៅចំណុចស្ពាននេះបន្ថែមទៀតអោយបានលឿនផងដែរ ថាតើមានផលប៉ះពាល់ទំហំប៉ុណ្ណា ហើយគ្រោងនឹងចំណាយថវិកាប៉ុន្មាននៃផលប៉ះពាល់នេះ ដើម្បីយើងអាចដោះស្រាយស្ទះចរាចរណ៍នៅតំបន់នេះបានយូរអង្វែង។

  លោកឃួង ស្រេង បានបន្តថា ៖ ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ក្រោយពីមានការដាក់ឲ្យដំណើរការនោះ  លំហូរសារាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នឹងមកកកស្ទះចរាចរនៅផ្លូវលេខ ២០០៤ក៏ដូចជាផ្លូវលេខ២០១១ កាន់តែខ្លាំង ដោយហេតុនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញធ្វើការសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅចំណុចស្តុបផ្សារស៊ិនជូរីផ្លាហ្សា (ផ្លូវ២០០៤ កែងផ្លូវសហព័ន្ធរុស្សុី)នេះ៕

ដោយ ៖ សំរិត


ចែករំលែក៖