ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបង្រ្កាបករណីដឹកជញ្ជូនឈើជ្រុង ទុកបន្ដនីតិវិធីនៅកន្លែងមេព្រៃ

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃអង្គារ ៩កើត បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះថា យ៉ាងហោចមានកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរចំនួន៧នាក់ មធ្យោបាយដោយរថយន្តចំនួន៣គ្រឿង បានចុះបង្រ្កាបករណីដឹកជញ្ជូនឈើអារបួនជ្រុង ដោយឃាត់ចាប់គោយន្តកន្រ្តៃផ្ទុកឈើ២គ្រឿង ។

 ប្រភពរាយការណ៍ដដែលបន្តទៀតថា ករណីបង្រ្កាបការដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាត ពីសំណាក់មន្ត្រីកងកម្លាំងកងរាជអាវុធហត្ថស្រុកក្រគរខាងលើ ធ្វើឡើងនារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ស្ថិតនៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 សេចក្តីរាយការណ៍បញ្ជាក់ទៀតថា លទ្ធផល៖ ឃាត់ចាប់គោយន្តកន្រ្តៃចំនួន២គ្រឿង មានផ្ទុកឈើអារបួនជ្រុងចំនួន២៤កំណាត់ ស្មើនឹងចំនួន១៩,២០០ម៉ែត្រត្រីគុណ បញ្ជាក់ៈ ឈើអារបួនជ្រុងដឹកជញ្ជូនដោយគោយន្តកន្រ្តៃត្រូវបានបង្រ្កាប ប្រភេទឈើលេខ១(ផ្ចឹក)បច្ចុប្បន្នៈ វត្ថុតាងគោយន្ដកន្រ្តៃចំនួន២គ្រឿង និងឈើចំនួន២៤កំណាត់ ស្មើនឹងចំនួន១៩,២០០ម៉ែត្រត្រីគុណ រក្សាទុកជាបណ្ណោះអាសន្ន នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើឈើតុំ ដើម្បីរង់ចាំបន្តនីតិវិធី ។

 ករណីបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ពីសំណាក់មន្ត្រីកងកម្លាំងកងរាជអាវុធហត្ថស្រុកក្រគរនេះ មជ្ឈដ្ឋានមានចម្ងល់ត្រង់ថា ជាធម្មតាគេសង្កេតឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើឈើតុំ ល្បាតទាំងយប់ទាំងថ្ងៃខណៈគោយន្តដឹកឈើត្រូវបានបង្រ្កាបនេះ ដឹកជញ្ជូនចេញពីដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន ជាពិសេសជាងនេះមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ឈរជើងនៅទីនោះតែម្ដង គ្មានការបង្រ្កាបទាល់តែសោះ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖