ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីនិងនូវែលហ្សេឡង់បញ្ជូនយន្តហោះទៅជួយដល់ប្រទេសតុងហ្គាក្រោយការផ្ទុះភ្នំភ្លើង

ចែករំលែក៖

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា រដ្ឋាភិបាលអូស្ត្រាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី១៧ខែមករា បានសម្រេចបញ្ជូនយន្តហោះទៅតាមដាននិងវាយតម្លៃពីផលប៉ះពាល់និងខូចខាតដោយការផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសកោះតុងហ្គា(Tonga)។
ភ្នំភ្លើងនៅបាតសមុទ្រ ឈ្មោះ Hunga Ha’apai មានចម្ងាយពីកោះFonuafo’ou នៃប្រទេសតុងហ្គាប្រមាណ៣០គីឡូម៉ែត្រនៅភាគអាគ្នេយ៍ បានផ្ទុះកាលពីថ្ងៃទី ១៤ខែមករាឆ្នាំ២០២២ ហើយបន្តសកម្មភាពរហូតមកទល់ពេលនេះ បង្កឱ្យមានរលកយក្សស៊ូណាមិនៅសមុទ្រប៉ាស៊ីហ្វិក។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានសន្យាជួយដល់ប្រទេសតុងហ្គាឱ្យបានឆាប់បំផុត ប៉ុន្តែផ្សែងផេះធូលីនៃភ្នំភ្លើងបានរារាំងសកម្មភាពជួយសង្គ្រោះ។ ផ្លូវថ្នល់ ស្ពាននៅក្នុងប្រទេសតុងហ្គារងការខូចខាតជាច្រើន ប៉ុន្តែមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់និងរបួសក៏ដូចជាការខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។
កាលពីថ្ងៃទី១៦ខែមករា នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានបញ្ជាក់ថា បានបញ្ជូនយន្តហោះតាមដានសកម្មភាពនៃការផ្ទុះភ្នំភ្លើង ។ លោកស្រីក៏បានបញ្ជាក់ទៀតថា មិនទាន់មានអ្នកស្លាប់និងរងរបួសក្នុងហេតុការណ៍នោះឡើយ។
ការផ្ទុះភ្នំភ្លើងបានបង្កឱ្យមានរលកយក្សសូណាមិវាយប្រហារឆ្នេរសមុទ្រប្រទេស កោះជាច្រើន ក្នុងនោះមានទាំងឆ្នេរសមុទ្រប្រទេសជប៉ុនផងដែរ៕ ដោយ៖ ធីរីណា

រូបថត៖Reuters.

 

 


ចែករំលែក៖