ក្រុមហង្សក្រហម Liverpool បានរក្សាក្តីសង្ឃឹមរបស់ពួកគេក្នុងការតាមពីក្រោយក្រុម Manchester City នៅលើកំពូលតារាង Premier League ដោយបានយកឈ្នះក្រុម Brentford ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Anfield ដើម្បីឡើងមកឈរនៅលេខរៀងទី២ក្នុងតារាងកាលពីថ្ងៃអាទិត្យ ទី១៦ មករា។
កីឡាករ Fabinho, Alex Oxlade-Chamberlain និង Takumi Minamino ស៊ុតបញ្ចូលទីបានម្នាក់១គ្រាប់ ខណៈដែលហង្សក្រហមទប់ទល់ដោយអវត្តមានខ្សែប្រយុទ្ធ Mohamed Salah និង SadioMane ដែលអ្នកទាំង២ជាប់កាតព្វកិច្ចប្រកួតពានរង្វាន់ Africa Cup of Nations។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp នៅតែចាញ់រហូតដល់ទៅ១១ពិន្ទុពីក្រុមកំពូលតារាង Man City និងមាន១ប្រកួតទៀតនៅក្នុងដៃ។ Liverpool បានបរាជ័យក្នុងការទាញយកអត្ថប្រយោជន៍ពីកីឡាករបន្ថែមរយៈពេលជាងមួយម៉ោង ខណៈដែលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup កាលពីថ្ងៃព្រហស្បតិ៍ជើងទី១ជាមួយនឹងក្រុម Arsenal បានបញ្ចប់ក្នុងលទ្ធផល ០-០ ដែលបង្កឱ្យមានការភ័យក្នុងការស្វែងរកជ័យជម្នះក្នុងជើងទី២។
៣គ្រាប់ដែលកីឡាករក្រុមហង្សក្រហមរកបានគឺនៅនាទីទី៤៤ ដោយ Fabinho, នាទីទី៦៩ ដោយ Chamberlain និងនាទីទី៧៧ ដោយ Takumi Minamino។
ក្រុម Brentford បានប្រកួតក្នុងទឹកដីប៉ះ Liverpool ទទួលបានលទ្ធផលស្មើ ៣-៣ នៅពេលដែលក្រុមទាំងពីរជួបគ្នាចុងក្រោយក្នុងខែកញ្ញា។ ក្រុម Brentford បានបរាជ័យផ្ទួនៗ២ប្រកួតជាប់គ្នានៅលីគកំពូលអង់គ្លេស។
ក្រោយពីបរាជ័យនេះ ក្រុម Brentford ឈរចំណាត់ថ្នាក់លេខ១៤ មាន២៣ពិន្ទុ ខណៈដែលក្រុមហង្សក្រហមឈរចំណាត់ថ្នាក់លេខ២ មាន៤៥ពិន្ទុ ក្នុង២១ប្រកួតដូចគ្នា។ ការប្រកួតបន្ទាប់ក្រុម Brentford នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United នៅថ្ងៃទី២០ ខែមករាខាងមុខ រីឯក្រុមហង្សក្រហម Liverpool នឹងត្រូវប៉ះក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃទី២១ ដែលជាការប្រកួតជើងទី២ពានរង្វាន់ League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបើក្រុមណាឈ្នះនឹងត្រូវឡើងប៉ះក្រុមតោខៀវ Chelsea វគ្គផ្តាច់ព្រ័ត្រ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)