ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ នឹងអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើងនៅក្រុងព្រះសីហនុ។
ទិដ្ឋភាពទូទៅនៃថ្ងៃចាប់ផ្ដើមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២
សូមបញ្ជាក់ជូនថា, តាមរយៈផេកក្រសួងទេសចរណ៍បានអោយដឹងថា, វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) បាននិងកំពុងរៀបចំឡើងជាបណ្ដើរៗហើយចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ»។
តាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងព្រឹត្តិការណ៍ ATF 2022 នេះ នឹងមានប្រតិភូជាតិ-អន្តរជាតិចូលរួមកិច្ចប្រជុំដោយផ្ទាល់ប្រមាណ១០០រូប (អន្តរជាតិ៨០រូប)។ ចំណែកការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) ដែលជាកម្មវិធីធំដែលនោះក៏នឹងមានអ្នកលក់ (Sellers) ចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ក្រុមហ៊ុន សារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន២០ស្ថាប័ន សរុបចំនួនភ្ញៀវចូលរួមក្នុងកម្មវិធីទាំងមូលមានប្រមាណ៣៥០នាក់ មកពីបណ្ដាប្រទេសជិត៣០ប្រទេស។
ទិដ្ឋភាពទូទៅនៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២២ ដែលជាថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍នេះ គេឃើញមានកងកម្លាំងសមត្ថកិច្ចកំពុងប្រចាំការការពារសុវត្ថិភាព សម្រួលចរាចរណ៍ សន្តិសុខ និងសណ្ដាប់ធ្នាប់ទាំងនៅតាមដងផ្លូវ នៅលើផ្ទៃសមុទ្រ នៅមុខនិងនៅក្នុងសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ដែលជាទីតាំងប្រារព្ធកម្មវិធីនេះ។
ចូលទៅក្នុងបរិវេណសណ្ឋាគារឆ្នេរសុខា គេឃើញមានការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (Rapid test) ដើម្បីបង្ការការពារសុវត្ថិភាពសុខាភិបាលអ្នកចូលរួមក្នុងកម្មវិធីទាំងមូល ពោលគឺគ្រប់អ្នកចូលរួមទាំងអស់គ្មានម្នាក់ណាគេចវេចពីកាតព្វកិច្ចសុខាភិបាលនេះបានឡើយ។
គណៈប្រតិភូថ្នាក់រដ្ឋមន្ត្រី អ្នកលក់ (Buyers) អ្នកទិញ (Sellers) អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងក្រុមការងារគ្រប់ផ្នែកក៏កំពុងធ្វើដំណើរចូលទៅក្នុងទីតាំងរៀបចំកម្មវិធី និងទីកន្លែងប្រចាំការរៀងៗខ្លួន ជាមួយនឹងទិដ្ឋភាពមមាញឹកគួរសម។
ចំណែកនៅក្នុងសាលធំៗ និងអគារមួយចំនួន គេឃើញមានក្រុមការងារកំពុងមមាញឹកនឹងការរៀបចំស្ដង់ពិព័រណ៍ និងឆាកកម្មវិធីនានា ខណៈស្ដង់មួយចំនួនធំក៏បានរៀបចំរួចរាល់ផងដែរ។ តាមរយៈស្ដង់ទាំងនេះគេឃើញមានរំលេចបង្ហាញនូវគោលដៅទេសចរណ៍នៃប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាក្នុងតំបន់អាស៊ាន។
ចំពោះកិច្ចប្រជុំសំខាន់ៗសម្រាប់ថ្ងៃទី១៧ ខែមករានេះដែរ រួមមាន៖
* នៅម៉ោង ១៖០០នាទី ដល់ ២៖១៥នាទីរសៀល មានកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ នៅសណ្ឋាគារឆ្នេរសុខា។
* នៅម៉ោង ២៖១៥នាទី ដល់ ៣៖០០នាទីរសៀល មានកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២១ នៅសណ្ឋាគារឆ្នេរសុខា។
* នៅម៉ោង ៣៖៣០នាទីរសៀល ដល់ ៤៖១៥នាទីល្ងាច មានកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី៩ នៅសណ្ឋាគារឆ្នេរសុខា។
* នៅម៉ោង ៤៖១៥នាទី ដល់ ៥៖០០នាទីល្ងាច មានកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៉ីលើកទី១ នៅសណ្ឋាគារឆ្នេរសុខា។
សូមជម្រាបថា នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍អាស៊ាននេះនឹងត្រូវប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
ដោយ ៖ សិលា