ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តព្រះវិហារ និងខេត្តកំពង់ឆ្នាំង បានបន្តនាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់នៅតាមបណ្ដាទីផ្សារ។
ប្រភពដដែលបន្តថា គោលបំណងនៃការត្រួតពិនិត្យនេះ គឺដើម្បីធានាការពារនូវការចរាចរលក់នូវទំនិញដែលមិនមានអនុលោមភាព (ទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់) ដែលធ្វេីឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ក៏ដូចជាការពារសិទ្ធិរបស់អ្នកប្រើប្រាស់។
ក្នុងប្រតិបត្តិការនោះដែរ យោងទៅតាមលទ្ធផលនៃការត្រួតពិនិត្យ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១១៣.៣២គីឡូក្រាមត្រូវបានមន្រ្តីជំនាញដកហូត និងពិន័យទៅតាមនីតិវិធី។
ដោយឡែកក្នុងថ្ងៃនេះផងដែរ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានចុះត្រួតពិនិត្យសិប្បកម្មផលិតអំបិលមួយកន្លែងក្នុងក្រុងតាខ្មៅដោយរកឃើញមិនមានអនុលោមភាពលើកម្រិតអុីយ៉ូដ ទើបមន្រ្តីជំនាញធ្វើការផ្អាកសម្មភាពសិប្បកម្មនោះជាបណ្ដោះអាសន្នដើម្បីអនុវត្តទៅតាមនីតិវិធីបន្ត៕
ដោយ៖ស តារា