បើទោះបីក្រុមអ្នកឯកទេសបញ្ជាក់ថា ការឆ្លងកូវីដ-១៩ តាមសំបុត្រគឺមានទាបបំផុតក្តី បុន្តែមន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំងបង្ហាញការសង្ស័យថា ករណីឆ្លងអូមីក្រុងនៅក្នុងសហគមន៍ទីក្រុងប៉េកាំងគឺឆ្លងតាមលិខិតផ្ញើមកពីប្រទេសកាណាដា។
មន្ត្រីទីក្រុងប៉េកាំងបានរកឃើញ អូមីក្រុងនៅលើសំបុត្រដែលផ្ញើមកពីប្រទេសកាណាដា ដែលអ្នកជំងឺអូមីក្រុងដំបូងគេបង្អស់នៅក្នុងទីក្រុងប៉េកាំងបានកាន់សំបុត្រនោះមុនគេនៅថ្ងៃទី១១ខែមករា។ តាមការលើកឡើងរបស់មន្ត្រីទីក្រុងប៉េកាំងបញ្ជាក់ថា សំបុត្រនោះផ្ញើមកពីកាណាដា ឆ្លងកាត់អាមេរិក មកកាន់ហុងកុង មុនពេលចូលដល់ទីក្រុងប៉េកាំង។ វីរុសអូមីក្រុងត្រូវបានគេរកឃើញនៅជាប់សំបុត្រខាងក្រៅ និងលិខិតនៅខាងក្នុងផងដែរ។
លោក Pang Xinghou អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងទីក្រុងប៉េកាំងបានបញ្ជាក់ថា សំបុត្រដែលមកពីប្រទេសកាណាដា គឺជាប្រភពនៃការឆ្លងកូវីដ-១៩អូមីក្រុងនៅទីក្រុងប៉េកាំង។ អ្នកឆ្លងអូមីក្រុងនៅប៉េកាំងគឺមិនដែលជួបឬប៉ះពាល់ជាមួយអ្នកជំងឺណាមួយផ្សេងឡើយ ហើយក៏មិនដែលចេញទៅក្រៅប្រទេសដែរ។
ទីក្រុងប៉េកាំងបានបិទតំបន់ដែលរកឃើញករណីឆ្លងអូមីក្រុងទីមួយ និងធ្វើតេស្តដល់ពលរដ្ឋជិត២ម៉ឺននាក់ក្នុងតំបន់នាថ្ងៃទី១៧ខែមករា ដោយលទ្ធផលអវិជ្ជមានទាំងអស់។ ការឆ្លងអូមីក្រុងនៅទីក្រុងប៉េកាំង ក្នុងពេលដែលចិនកំពុងតែត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៤ខែកុម្ភៈឆ្នាំ២០២២។
មតិសាធារណៈមួយចំនួនបានលើកឡើងថា អូមីក្រុងនៅទីក្រុងប៉េកាំង អាចជាអូមីក្រុងនយោបាយរបស់ប្រទេសលោកខាងលិច ក្នុងគោលដៅរំខានការប្រកួតកីឡាអូឡាំពិករដូវរងា។ កន្លងមកអាមេរិក និងប្រទេសលោកខាងលិចបានព្យាយាមដកសិទ្ធិធ្វើជាម្ចាស់ផ្ទះរបស់ទីក្រុងប៉េកាំងដោយចោទប្រកាន់ផ្សេងៗ ក្នុងនោះមានរឿងសិទ្ធិមនុស្សជាដើម ។ ក្រោយពីមិនអាចដកសិទ្ធិធ្វើជាម្ចាស់ផ្ទះពីទីក្រុងប៉េកាំងបាន អាមេរិកនិងសម្ពន្ធមិត្តក៏បានធ្វើពហិការបញ្ជូនមន្ត្រីការទូតទៅចូលរួមបើកការប្រកួតកីឡានោះ។ ក្នុងពេលនេះដែរចិនរកឃើញប្រភពអូមីក្រុងពីកាណាដាទៀត បានបង្ហាញយ៉ាងច្បាស់ពីចេតនាក្នុងការបំផ្លាញការប្រកួតកីឡាអូឡាំពិក៕ ដោយ៖ធីរីណា
រូបថត៖Reuters