ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា ៖ សត្វក្រពើភ្នំដែលជាប្រភេទសត្វដ៏កម្របំផុតសរុប ១០ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាននិងអង្គការ WWF បានប្រទះឃើញនៅដែនជម្រកសត្វព្រៃស្រែពក

ចែករំលែក៖

ភ្នំពេញ ៖ សត្វក្រពើភ្នំដែលជាប្រភេទសត្វដ៏កម្របំផុតសរុប ១០ក្បាលក្នុងនោះមានកូនក្រពើភ្នំចំនួន ៩ក្បាល និងមេមួយក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាននិងអង្គការ WWF បានប្រទះឃើញនៅដែនជម្រកសត្វព្រៃស្រែពក ។ 

សត្វក្រពើភ្នំដែលជាប្រភេទសត្វដ៏កម្របំផុតសរុប ១០ក្បាលក្នុងនោះមានកូនក្រពើភ្នំចំនួន ៩ក្បាល និងមេមួយក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាននិងអង្គការ WWF បានប្រទះឃើញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២ កំពុងហែលនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។ នេះគឺជាការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ម្សិលមុិញនេះ។  លោករដ្ឋលេខាធិការការបានថ្លែងថានេះគឺជា ដំណឹងដ៏រីករាយបំផុតសម្រាប់ក្រុមអ្នកអភិរក្ស និងអ្នក ស្រាវជ្រាវដែលបានចំណាយ ពេលវេលា កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញការងារដោយភាពអត់ធ្មតបំផុត ក្នុងការតាមដានអំពីវត្តមានសត្វក្រពើភ្នំ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក។ របកគំហើញនេះបានធ្វើឱ្យកម្ពុជាមានកំណត់ត្រាថ្មីមួយបន្ថែមទៀតពីវត្តមានក្រពើភ្នំនៅក្នុងខេត្តមណ្ឌលគិរី បន្ថែមពីអ្វីដែលគេបានដឹងពីមុនមកថាក្រពើភ្នំមានវត្តមានតែនៅក្នុងតំបន់អារ៉ែងក្នុងតំបន់ជួរភ្នំក្រវ៉ាញខេត្តកោះកុង។ 

សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ចន្លោះពី ២០០ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ (១ពាន់) ក្បាលឡើយ។ កត្តាគំរាមកំហែងចំពោះការរស់រានរបស់សត្វក្រពើភ្នំមានដូចជា៖ ការរេចរិលនិងការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ដែលបណ្តាលមកពីតម្រូវការនៃការជួញដូរសត្វព្រៃខុសច្បាប់ ការចាប់ដោយខុសច្បាប់ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ ការចាប់យកទៅបង្កាត់ពូជជាមួយពូជក្រពើផ្សេង ទំនប់វារីអគ្គិសនី និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាដើម។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ការកត់សម្គាល់ពីវត្តមានទាំងមេក្រពើ និងកូនក្រពើភ្នំសរុប ១០ នៅពេលនេះ គឺជាការបញ្ជាក់កាន់តែច្បាស់អំពីវត្តមាន របស់ហ្វូងកូនសត្វក្រពើភ្នំដែលត្រូវបានអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកវត្តមានរបស់ពួកវាជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។ លោកបញ្ជាក់ថា៖«គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ដោយរូបភាពដំបូងបង្អស់នៃការរស់រានបន្តពូជរបស់សត្វនេះ ក្រោយការខិតខំស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយនៃតំបន់ព្រៃទេសភាពភាគខាងកើត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននិងគាំទ្រដោយអង្គការWWF»។ យោងតាមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF កូនសត្វក្រពើភ្នំទាំងនេះមានអាយុប្រមាណចន្លោះពី៧ ទៅ ៨ខែ ហើយពួកវាមានល័ក្ខខ័ណ្ឌសុខភាពល្អ។ អ្នកវិទ្យាសាស្រ្តក៏បានស្វាគមន៍នូវដំណឹងដ៏ល្អនៃការរស់រាន និងការលូតលាស់របស់កូនសត្វក្រពើភ្នំទាំងនេះ ព្រោះដោយមានការការពារនិងតាមដានបានត្រឹមត្រូវ និងជាប់លាប់។ អ្នកវិទ្យាសាស្រ្តក៏បានរំពឹងដែរថាពួកវានឹងចាប់ផ្តើមរស់នៅ និងដើររកស៊ីដោយឡែកពីគ្នា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ដោយ មានក្តីសង្ឃឹមថាកូនសត្វក្រពើភ្នំទាំងអស់នេះនឹងបន្តលូតលាស់ឈានដល់ភាពពេញវ័យដើម្បីអាចបន្តពូជបាននៅពេលអនាគត។

លោករដ្ឋលេខាក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះក្រុមការងារស្រាវជ្រាវវិទ្យាសា្រស្រ្តនៃក្រសួងបរិស្ថាន និងអង្គការWWF ដែលបានខិតខំប្រឹងប្រែងសិក្សានិងស្រាវជ្រាវរហូតទទួលបាននូវលទ្ធផលដោយបានកត់ត្រាបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់នៃហ្វូងក្រពើភ្នំដែលកំពុងបន្តពូជនិងរីកធំធាត់នៅតំបន់អភិរក្សស្រែពក។ ឯកឧត្តមបានលើកឡើងថា នេះគឺជាលទ្ធផលដ៏វិជ្ជមាន ដែលកើតចេញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិអភិរក្សរវាងក្រសួងបរិស្ថាន និង អង្គការWWF»។ លោកក៏បានលើកឡើងថាការកត់ត្រាពីវត្តមានសត្វក្រពើភ្នំនៅពេលនេះបានបង្ហាញឲ្យឃើញពីសារៈសំខាន់នៃដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ព្រៃរបោះធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាតំបន់ជីវៈចម្រុះសកលមួយដែលមានសក្តានុពលខ្ពស់សម្រាប់ការស្តារធនធានជីវៈចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗមានតម្លៃជាសកលឡើងវិញ។ 

 ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ដោយសារកម្ពុជាមានសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ អង្គការអភិរក្សជាដៃគូរបស់ក្រសួងបរិស្ថាន មានលទ្ធភាពក្នុងការផ្តោតការយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយ និងដំណោះ ស្រាយនានាក្នុងកិច្ចគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ សំដៅឈានឆ្ពោះទៅស្តារធនធានជីវៈចម្រុះ

និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន ឱ្យសំបូរនិងកាន់តែប្រសើរ។ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានធនធានធម្មជាតិដ៏វិសេសវិសាលគ្មានពីរ ដែលនេះគឺជាមោទនភាពជាតិសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ 

កញ្ញា Milou Groenenberg ជាប្រធានផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF ធ្លាប់បានលើកឡើងកាលពីខែកញ្ញា ឆ្នាំ២០២១ ថា របកគំហើញក្រពើភ្នំនៅតំបន់ដែនជម្រកសត្វព្រៃស្រែពក ត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ទុកថាជាការវិវត្តន៍ដ៏វិជ្ជមានមួយ នៃការសិក្សាស្តីពីសត្វក្រពើភ្នំនៅក្នុងតំបន់នៃដែនជម្រកសត្វព្រៃស្រែពក ដោយហេតុថាវត្តមានរបស់សត្វនេះមិនត្រូវបានគេបញ្ជាក់ជាផ្លូវការទេ បើផ្អែកតាមរបាយការណ៍ស្រាវជ្រាវនានាដែលគេធ្លាប់ទទួលបានកាលពីរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយរីឯការកត់ត្រាវត្តមានរបស់វាតាមរយៈរូបភាពក៏គ្មានដែរក្នុងទសវត្សរ៍ចុងក្រោយនេះ។ កញ្ញា Milou បានថ្លែងថា៖ «កាលពីមុនអ្នកវិទ្យាសាស្រ្តនៅមិនទាន់អាចបញ្ជាក់ច្បាស់បានទេថាសត្វក្រពើភ្នំដែលរស់នៅក្នុងទីជម្រកស្រែពកនេះអាចមានគូបង្កាត់ពូជបាន ហើយក៏គេកាន់តែមិនអាចបញ្ជាក់បានទៀតថា តើសត្វនេះបានធ្វើសំបុកនៅទីណាមួយក្នុងតំបន់នេះ ហើយមានញាស់កូនដែរឬអត់ នោះឡើយ»។  អ្នកវិទ្យាសាស្រ្តរូបនេះបានបន្ថែមថា៖ «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនៅតំបន់ស្រែពកពេលនេះពិតជាផ្តល់នូវក្តីសង្ឃឹមសម្រាប់ការអភិរក្ស និងការពារការរស់រានរបស់សត្វនេះនៅក្នុងទីជម្រកធម្មជាតិរបស់វា ដែលវាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា និងពិភពលោកទាំងមូល»។

 

ការរស់រានរបស់កូនក្រពើភ្នំដែលទើបត្រូវបានគេស្រាវជ្រាវឃើញពេលនេះ ព្រមទាំងការការពារទីជម្រករបស់ពួកវាដោយសុវត្ថិភាពល្អ ត្រូវបានស្ថិតក្រោមការធានា និងឃ្លាំមើលយ៉ាងតឹងរ៉ឹងដោយមន្ត្រីអនុវត្តច្បាប់ដែលធ្វើការនៅក្នុងតំបន់ការពារ ក៏ដូចជាដោយមានការចូលរួមក្នុងការថែរក្សាតំបន់ការពារធម្មជាតិពីសំណាក់សហគមន៍មូលដ្ឋាននៅជុំវិញតំបន់ការពារ ព្រមទាំងការអនុវត្តនូវកម្មវិធីអភិវឌ្ឍជីវភាពរបស់សហគមន៍ឲ្យបានប្រសើរឡើង ដែលទាំងនេះជាផ្នែកសំខាន់មួយនៃភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់រយៈពេលវែងរបស់ក្រសួងបរិស្ថាន និងអង្គការWWF។

 

ជាមួយគ្នានេះ លោក សេង ទៀក នាយកអង្គការWWFកម្ពុជា ក៏បានមានប្រសាសន៍ថា៖ «យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សបន្ថែមទៀត ដោយផ្តល់អាទិភាពលើការស្វែងរកនូវដំណោះស្រាយសមស្រប និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់គាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារធនធានសត្វព្រៃ ហើយស្របពេលជាមួយគ្នានោះដែរ បន្តអំពាវនាវឱ្យចាត់នូវវិធានការ និងវិធីសាស្ត្រឲ្យកាន់តែប្រសើរជាងមុនដើម្បីគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងធនធានធម្មជាតិ»។  លោកបានបន្ថែមថា៖ «គំហើញនាពេលនេះ បានបង្ហាញថាការស្តារចំនួនសត្វព្រៃនៅតំបន់ព្រៃទេសភាពភាគខាងកើតឲ្យប្រសើរឡើងវិញគឺជាលទ្ធភាពដែលគេអាចធ្វើទៅបាន ដោយបង្កើនកិច្ចសហការរួមគ្នា ដើម្បីរៀបចំឡើងឲ្យមាននូវលក្ខខណ្ឌចាំបាច់នានាដូចជា ការការពារទីជម្រក ការធានាការផ្គត់ផ្គង់ចំណីអាហារ និងទឹកតាមបែបធម្មជាតិ ដែលជាសុទ្ធសឹងជាកត្តាផ្តល់អំណោយផលដល់ការរស់រានរបស់សត្វក្រពើភ្នំ និងប្រភេទសត្វដទៃជាច្រើនទៀតដែលកំពុងរស់នៅក្នុងទីជម្រកធម្មជាតិនៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃកម្ពុជានេះ»។

 

ក្រសួងបរិស្ថាន និងអង្គការWWF នឹងបន្តតាមដានស្ថានភាពសត្វក្រពើភ្នំនៅតំបន់ស្រែពកតទៅបន្ថែមទៀត និងពង្រឹងវិធានការការពារទីជម្រករបស់សត្វនេះពីការគំរាមកំហែងផ្សេងៗ មានដូចជាការទន្រ្ទានដីដែលធ្វើឲ្យប៉ះពាល់ដល់ទីជម្រក និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀតដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវការចុះល្បាតជាប្រចាំតាមគ្រប់មធ្យោបាយទាំងក្នុងនិងក្រៅតំបន់ការពារធម្មជាតិ។ ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចាត់វិធានការរួមគ្នាជាបន្ទាន់បន្ថែមទៀតសម្រាប់ការការពារនិងអភិរក្សសត្វក្រពើភ្នំដើម្បីឱ្យសត្វកម្រនៅលើពិភពលោកនេះជៀសផុតពីការផុតពូជ និងដាក់ចេញនូវវិធីសាស្ត្រនានាដើម្បីធានាឱ្យសត្វនេះមានចំនួនកើនឡើងវិញសម្រាប់គាំទ្រការរស់រានរបស់វាតទៅអនាគត។ ក្រសួងបរិស្ថានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអង្គការអន្ដរជាតិមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងបណ្តាដៃគូដទៃទៀត ដើម្បីការពារ និងថែរក្សាធនធានព្រៃឈើ និងមរតកធនធានសត្វព្រៃរបស់កម្ពុជា ដើម្បីផ្តល់ជាប្រយោជន៍សង្គម និងសេដ្ឋកិច្ចសម្រាប់រយៈពេលវែងដល់ប្រជាជនជំនាន់នេះ និងជំនាន់តទៅអនាគត។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ដែនជម្រកសត្វព្រៃស្រែពក និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីចូលរួមការពារ និងអភិរក្សសត្វក្រពើភ្នំនេះឱ្យបានគង់វង្ស៕


ដោយ ៖ សិលា


ចែករំលែក៖