ភ្នំពេញ៖ កម្លាំងអគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា ចាប់ផ្តើមប្រតិបត្តិការចុះបង្ក្រាបរថយន្តអត់ពន្ធ នៅតាមទីសាធារណៈដូចភ្លៀងរលឹម បន្ទាប់ពីទុករយៈពេលឱ្យចូលបង់ពន្ធជាច្រើនខែ។
ជាក់ស្តែងអគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២២នេះ កម្លាំងជំនាញគយ បានចុះត្រួតពិនិត្យអនុលោមភាព នៅតាមទីសាធារណៈដោយបង្ក្រាប បាននូវរថយន្តស៊េរីទំនេីបចំនួន០២ គ្រឿង, មួយគ្រឿងរថយន្តម៉ាក Ford Ranger XLS Pick-up ចង្កូតឆ្វេង ពណ៌ប្រផេះ ឆ្នាំ២០១៩ និងមួយគ្រឿងទៀត រថយន្តម៉ាក Lexus NX 200t ចង្កូតឆ្វេងពណ៌ស ឆ្នាំ២០១៦ ដែលបានប្រើប្រាស់ផ្លាកលេខក្លែងក្លាយ។ ចំពោះករណីនេះគឺតម្រូវឱ្យម្ចាស់ចូលខ្លួន មកដោះស្រាយដោយបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមាន។
សូមជម្រាបថា ដូចអ្វីដែលលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា បានប្រកាសអំពីយុទ្ធនាការចុះបង្ក្រាបរថយន្តអត់ពន្ធទាំងនោះ ដោយអនុលោមតាមខ្លឹមសារលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងយោងតាមសេចក្តីជូនដំណឹងលេខ ១៩៨៣/២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា ស្តីពីការអនុវត្តគោលការណ៍ និងយន្តការនៃការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ។ ចំណែកការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ និងអាករត្រូវបង់ចំនួន១០% សម្រាប់យន្តចង្កូតឆ្វេង ត្រូវបានបញ្ចប់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
គួររម្លឹកថា នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា បានលើកឡើងម្តងទៀត ពីឱសាទវាទនៃការបន្ធូរបន្ថយប្រាក់ពន្ធ និងអាករ ១០% សម្រាប់រថយន្តចង្កូតឆ្វេង គឺនៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ទន្ទឹមនឹងនេះដែរ លោក គុណ ញឹម ក៏បានសង្កត់ធ្ងន់ថា យុទ្ធនាការបង្ក្រាបនឹងត្រូវចាប់ផ្តើម នៅក្រោយឱសានវាទនេះ។
ដើម្បីចៀសវាងនូវការខាតបង់ជាយថាហេតុ សូមម្ចាស់រថយន្តគ្មានពន្ធទាំងចង្កូតឆ្វេង និងចង្កូតស្តាំ ត្រូវរួសរាន់ចូលខ្លួន ទៅបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលឱ្យបានគ្រប់ៗគ្នា ដើម្បីអាចចុះបញ្ជីធ្វើផ្លាកបើកបរលើផ្លូវសាធារណៈ ស្របតាមច្បាប់ចរាចរណ៍ផ្លូវគោកនៃកម្ពុជា ដែលនៅជាធរមាន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលប្រមូលចំណូលថវិកាជាតិ បានជិត៥០លានដុល្លារ ពីការអនុញ្ញាតឲ្យរថយន្ដអត់ពន្ធចង្កូតស្ដាំ និងឆ្វេង ចូលមកបង់ពន្ធ ត្រឹមឱសានវាទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ៕
ដោយ៖ស តារា