ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងសៀមរាបទទួលបាន ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន(២០២២-២០២៤) នៃការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ និងក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ

ចែករំលែក៖

ខេត្តសៀមរាប ៖ សូមអបអរសាទរទីក្រុងសៀមរាបទទួលបាន ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន(២០២២-២០២៤) នៃការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ និងក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ។ 

សូមបញ្ជាក់ថា, នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ 

ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាម បណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ សំដៅ ធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ។ 

ជាមួយនឹងការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ឋភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។ ម៉្យាងទៀតក្រុងសៀមរាប ក៏ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបទៀតផង។ 

ទន្ទឹមនឹងនេះ ដើម្បីខេត្តសៀមរាបបន្តបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននិងជាក្រុងឆ្លាតវៃនៅបណ្តាឆ្នាំខាងមុខទៀត សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាបបន្តចូលរួមរក្សាអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបឱ្យបានច្រើនកុះករ។ 

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងសហការក្នុងរក្សាសណ្តាប់ធ្នាប់ របៀរៀបរយសាធារណៈ ពិសេសចូលរួមថែរក្សាអនាម័យឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖