ក្រុមបិសាចក្រហម Manchester United បានទទួលជ័យជម្នះ បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយអ្នកចាំ David de Gea ពីការវាយបករបស់ក្រុម Brentford ដើម្បីទទួលបាន៣ពិន្ទុក្នុងលទ្ធផល៣ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។
ក្រុមរបស់លោក Ralf Rangnick បានរួចផុតពីការប្រកួតបើកឆាកដ៏គួរឱ្យរន្ធត់មួយនៅ៤៥នាទីក្នុងតង់ទី១ នៅពេលដែលការលេងរបស់ពួកគេត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែល De Gea បានជួយសង្គ្រោះពីការស៊ុតរបស់កីឡាករ Mathias Jensen ធ្វើឲ្យក្រុមម្ចាស់ផ្ទះខកខានឱកាសធំក្នុងការនាំមុខ។
ចូលដល់ការប្រកួតក្នុងតង់ទី២ក្រុម Man Utd មានឱកាសគ្រប់គ្រងបាល់ ដោយការរកបានគ្រាប់បាល់នាំមុខ១គ្រាប់នៅនាទីទី៥៥ ដោយកីឡាករវ័យជំទង់ Anthony Elanga ពីការបញ្ជូនបាល់របស់ Fred ។ បន្ទាប់មកការបញ្ជូនបាល់យ៉ាងល្អរបស់ Cristiano Ronaldo បានជួយឱ្យ Bruno Fernandes ធ្វើបានរកគ្រាប់បាល់ទី២ពីការស៊ុតបន្ទាប់របស់ Mason Greenwood នៅនាទីទី៦២។
ក្រុមបិសាចក្រហមបានបន្តនាំមុខដោយការរកគ្រាប់បាល់ទី៣ របស់ខ្សែប្រយុទ្ធ Marcus Rashford បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី៧៧ ដោយ Fernandes ជាអ្នកបង្កើតឱកាស។ ជិតនឹងចប់ការប្រកួតទៅហើយកីឡាករ Ivan Toney របស់ក្រុម Brentford បានរកគ្រាប់បាល់១គ្រាប់សងវិញនៅនាទីទី៨៥ ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Man Utd ឈ្នះ Brentford ៣ទល់១។
ចំណែកក្រុមមាន់ខ្នាយមាស Tottenham បានវាយបកចុងម៉ោងយកឈ្នះក្រុមម្ចាស់ផ្ទះ Leicester City ក្នុងលទ្ធផល៣ទល់២។ កីឡាករ Steven Bergwijn ជាអ្នករកបាន២គ្រាប់ចុងម៉ោងជួយឲ្យក្រុម Tottenham ឈ្នះលើទឹកដីក្រុម Leicester ក្នុងការបញ្ចប់ដ៏គួរឱ្យរំភើបនៅឯកីឡដ្ឋាន King Power ។
ការប្រកួតក្នុងតង់ទី១ ក្រុម Leicester បានរកគ្រាប់បាល់នាំមុខនៅនាទីទី២៤ ដោយកីឡាករ Patson Daka ប៉ុន្តែត្រូវក្រុមភ្ញៀវរកបាន១គ្រាប់សងវិញនៅនាទីទី៣៨ ដោយខ្សែប្រយុទ្ធប្រធានក្រុម Harry Kane ហើយលទ្ធផល១ទល់១នេះបានបន្តរហូតដល់ចប់តង់ទី១។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ Leicester នៅបន្តមានប្រៀបរហូតដល់រកបានគ្រាប់បាល់១គ្រាប់បន្ថែមទៀតនៅនាទីទី៧៦ដោយកីឡាករ James Maddison ។ ការប្រកួតបានបន្តចូលដល់ម៉ោងបន្ថែម៩០+៥ កីឡាករ Bergwijn រកបានគ្រាប់បាល់តាមស្មើវិញពីការបញ្ជូនរបស់ Matt Doherty ហើយមិនយូរប៉ុន្មានកីឡាកររូបនេះក៏រកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៩០+៧ដែលជាគ្រាប់ជ័យជម្នះយ៉ាងធំធេងរបស់ក្រុមមាន់ខ្នាយមាស Tottenham ។
ជ័យជម្នះរបស់ Tottenham ពេលនេះបាននាំពួកគេឈរលើគូប្រជែង Arsenal និងឡើងទៅឈរនៅលេខរៀងទី៥ ក្នុងក្របខ័ណ្ឌ Premier League មាន៣៦ពិន្ទុ ខណៈដែល Leicester បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១០មាន២៥ពិន្ទុ ក្នុង១៩ប្រកួតដូចគ្នា។ ចំណែកក្រុមបិសាចក្រហម Man Utd ក្រោយពីទទួលបានជ័យជម្នះបានបន្តឈរចំណាត់ថ្នាក់លេខ៧ ក្នុងតារាង មាន៣៥ពិន្ទុ ក្នុង២១ប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)