ព័ត៌មានទាន់ហេតុការណ៍៖

សំបូរណាស់រណ្តៅដីជីកយ៉ាងអនាធិបតេយ្យ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ចែករំលែក៖

   ខេត្តកណ្តាល ៖ អាជីវកម្មរណ្ដៅដីមួយកន្លែងស្ថិតក្នុងស្រុកខ្សាច់កណ្ដាល  ខេត្តកណ្ដាល ត្រូវបានគណៈកម្មការចម្រុះខេត្ត ធ្វើការផ្អាកអាជីវកម្មបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញថាបានប្រព្រឹត្តនូវបទល្មើសអាជីវកម្មរ៉ែ និងការដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់បានកំណត់។ 

សូមបញ្ជាក់ថា  នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល សហការជាមួយអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះពិនិត្យរណ្ដៅដី មហារដ្ឋា ត្រេដឌីង ដែលមានទីតាំងស្ថិតនៅក្នុងភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

   បន្ទាប់ពីបានចុះពិនិត្យជាក់ស្ដែងមក ក្រុមការងារចម្រុះបានរកឃើញថា រថយន្តចំនួន ៤គ្រឿង ដែលបានដឹកចេញពីរណ្ដៅដី មហារដ្ឋា ត្រេដឌីង មានការដឹកលើសទម្ងន់ដែលបណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន ហើយអ្នកបើកបររថយន្ត ក៏បានទទួលស្គាល់ថា រថយន្តរបស់ខ្លួនពិតជាដឹកលើសទម្ងន់ពិតប្រាកដមែន។ ក្នុងនោះដែរ តំណាងរណ្ដៅដី មហារដ្ឋា ត្រេដឌីង បានបង្ហាញនូវអាជ្ញាប័ណ្ណមិនគ្រប់គ្រាន់ ទាក់ទងទៅនឹងការជីករណ្ដៅដីជាក់ស្ដែងដែលមានទំហំប្រមាណជា១៥ ហិកតា ត្រង់ចំណុចអាងមេទឹកប្រមូលខ្លា ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បន្ទាប់ពីពិនិត្យជាក់ស្ដែង ក្រុមការងារចម្រុះខេត្តបានសម្រេចផ្អាកការជីកអាចម៍ដី និងដឹកជញ្ជូនដីជាបណ្ដោះអាសន្ន ដោយបានធ្វើការរក្សាទុកគ្រឿងចក្រចំនួន២ និងរថយន្តចំនួន៤ គ្រឿងដែលល្មើសអាជីវកម្មរ៉ែ និងរថយន្តចំនួន៤គ្រឿងដែលដឹកលើសទម្ងន់។

មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់ម្ចាស់រណ្ដៅដី មហារដ្ឋា ត្រេដឌីង សូមប្រមូលឯកសារពាក់ព័ន្ធនានាមកបង្ហាញជូនក្រុមការងារចម្រុះ ហើយចំពោះរថយន្តដែលល្មើសត្រូវរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល។ 

   ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត បានស្នើដល់ម្ចាស់អាជីវកម្មរណ្ដៅដី និងអ្នកបើកបររថយន្តដឹកដីត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ផ្លូវថ្នល់ និងបទដ្ឋានគតិយុត្តិផ្សេងៗទៀត។ ការដឹកជញ្ជូនត្រូវមានតង់គ្របឱ្យបានត្រឹមត្រូវ ជៀសវាងមានការជ្រុះធ្លាក់នៅលើផ្លូវ ដែលបង្កឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។  លោកអភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរពាក់ព័ន្ធ ពិសេសមន្ទីររ៉ែ និងថាមពល និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវសហការជាមួយម្ចាស់រណ្ដៅដី មហារដ្ឋា ត្រេដឌីង ដើម្បីអនុវត្តតាមនីតិវិធី ហើយលោកក៏បានស្នើដល់ម្ចាស់រណ្ដៅដីត្រូវសហការជាមួយក្រុមការងារចម្រុះខេត្ត ដោយយកនូវឯកសារពាក់ព័ន្ធបង្ហាញដល់ក្រុមការងារ ដោយមិនឱ្យហួសរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះពិនិត្យនេះតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖