ព័ត៌មានទាន់ហេតុការណ៍៖

អេហ្ស៊ីបឡើងវគ្គ១៦ក្រុមពានរង្វាន់ Africa Cup of Nations ក្រោយឈ្នះស៊ូដង់

ចែករំលែក៖

ក្រុមជម្រើសជាតិអេហ្ស៊ីប​បាន​យក​ឈ្នះក្រុម​ស៊ូដង់​ដើម្បី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ២​ក្នុង​ពូល D និង​ឡើង​ទៅ​វគ្គ១៦ក្រុម​ចុង​ក្រោយ​នៃ​ពាន Africa Cup of Nations កាលពីរាត្រីថ្ងៃទី១៩ ខែមករាម្សិលមិញ។

កីឡាករ Mohamed Abdelmonem រកបាន១គ្រាប់ឲ្យអេហ្ស៊ីបក្នុងការប្រកួតនេះ ដោយបានតែតបាល់ជ្រុងរបស់ Abdallah El Said នៅនាទីទី៣៥។ ចំណែកក្រុមស៊ូដង់បានផ្ដល់ជូនតិចតួច ខណៈដែលអេហ្ស៊ីបក៏មានឱកាសមួយដែរតាមរយៈការស៊ុតបាល់របស់ខ្សែប្រយុទ្ធMohamed Salah ប៉ុន្តែត្រូវបានសង្គ្រោះយ៉ាងល្អដោយអ្នកចាំទី Ali Abu Eshrein នៅតង់ទី២។

ក្រោយពីជ័យជម្នះនេះក្រុមអេហ្ស៊ីបនឹងត្រូវជួបក្រុមឈ្នះក្នុងពូល E នៅថ្ងៃពុធ ទី២៦ ខែមករាខាងមុខ។ ក្រុមអេហ្ស៊ីបបានបញ្ចប់៣ពិន្ទុតាមពីក្រោយក្រុមឈ្នះក្នុងពូល D នីហ្សេរីយ៉ា ដែលបានយកឈ្នះហ្គីណេ-ប៊ីសសៅ ២-០។

ស៊ូដង់ ដែលជាជើងឯកកាលពីឆ្នាំ១៩៧០ និងបានលេងក្នុងការប្រកួតដ៏សំខាន់លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១២ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងតារាង ដោយប្រមូលបាន១ពិន្ទុ និងស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ។ ចំណែកអេហ្ស៊ីប​ដែល​ឈ្នះ​ជើងឯក៧​សម័យ​ឥឡូវ​បាន​ឈាន​ដល់​វគ្គ​ជម្រុះ​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន៦​លើក​ចុងក្រោយ​របស់​ពួក​គេ​នៅ Nations Cup។

លទ្ធផលនេះធ្វើឲ្យក្រុមអេហ្ស៊ីបឈរចំណាត់ថ្នាក់លេខ២ក្នុងពូល D មាន៦ពិន្ទុ ក្នុង៣ប្រកួតវគ្គជម្រុះតាមពូល នឹងត្រូវប៉ះក្រុមលេខ១ក្នុងពូល E នៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Africa Cup of Nations ។

សម្រាប់ការប្រកួតបញ្ចប់វគ្គជម្រុះតាមពូលនៅរាត្រីថ្ងៃទី២០ ខែមករានេះគឺមាន៤គូដូចជា ក្រុមកូឌីវ័រប៉ះអាល់ហ្សេរី (ម៉ោង១១យប់), ក្រុមសេរ៉ាឡេអូនប៉ះក្រុមអេក្វាឌ័រហ្គីណេ (ម៉ោង១១យប់), ក្រុមហ្គាមប៊ីប៉ះក្រុមទុយណេស៊ី (ម៉ោង២រំលងអធ្រាត្រ) និងក្រុមម៉ាលី ប៉ះក្រុមម៉ូរីតានី (ម៉ោង២រំលងអធ្រាត្រ) ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖