ក្លិប Al-Nassr របស់អារ៉ាប៊ីសាអ៊ូឌីតបានដាក់សំណើនាំយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង។
Aubameyang មិនបានលេងឱ្យក្រុមកាំភ្លើងធំចាប់តាំងពីថ្ងៃទី៦ ខែធ្នូ ហើយត្រូវបានដកចេញពីតំណែងប្រធានក្រុម បន្ទាប់ពីបំពានវិន័យនៅសប្តាហ៍បន្ទាប់។ គាត់បានត្រឡប់ទៅទីក្រុងឡុងវិញហើយ ដោយត្រូវបញ្ជូនមកផ្ទះនៅដាច់ដោយឡែកមុនពេលប្រកួតពានរង្វាន់ Africa Cup of Nations បន្ទាប់ពីស្កែនបានបង្ហាញថាមានជំងឺកូវីដ-១៩ ។
ក្លិប Al-Nassr ចង់បាន Aubameyang វ័យ៣២ឆ្នាំខ្ចីជើង ជាមួយនឹងជម្រើសនៃកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍។
Arsenal មិនទាន់ឆ្លើយតបចំពោះភាគីអារ៉ាប៊ីសាអ៊ូឌីតនៅឡើយទេ ហើយគ្រូបង្វឹកលោក Mikel Arteta បាននិយាយកាលពីថ្ងៃពុធថា ខ្សែប្រយុទ្ធរូបនេះកំពុងធ្វើតេស្តបន្ថែមទៀត បន្ទាប់ពីត្រូវបានចូលរួមជាមួយក្រុមជម្រើសជាតិហ្គាបុង និងមានបញ្ហាសុខភាពដែលបង្ខំឱ្យគាត់ខកខានការប្រកួតឲ្យហ្គាបុងជាមួយហ្គាណាកាលពីថ្ងៃសុក្រសប្តាហ៍មុន។
លោក Arteta បាននិយាយថា “គាត់កំពុងឆ្លងកាត់ការពិនិត្យខ្លះៗ ពីព្រោះយើងមិនទាន់មានភាពច្បាស់លាស់ណាមួយពីក្រុមជម្រើសជាតិហ្គាបុងអំពីមូលហេតុដែលគាត់ត្រឡប់មកវិញទេ។ កាតព្វកិច្ចរបស់យើងគឺធ្វើឱ្យប្រាកដថាមិនមានបញ្ហាអ្វីទៀតទេ ហើយអ្នកលេងមានសុវត្ថិភាព និងស្ថិតក្នុងស្ថានភាពល្អ”។ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Pierre-Emerick Aubameyang វ័យ៣២ឆ្នាំបានផ្ទេរមកក្លិបកាំភ្លើងធំ Arsenal កាលពីឆ្នាំ២០១៨ពីក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund ដោយបង្ហាញខ្លួនឲ្យ Arsenal ចំនួន១២៨ប្រកួត រកបាន៦៨គ្រាប់។ ចំណែកនៅក្រុមជម្រើសជាតិហ្គាបុងវិញកីឡាកររូបនេះបង្ហាញខ្លួនបាន៧១ដង រកបាន២៩គ្រាប់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)