ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំសាមញ្ញលើកទី៣១របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខេត្តអាណត្តិទី៣

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២២នេះ  បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត អាណត្តិទី៣  ដើមី្បពិនិត្យ និង អនុម័ត ទៅលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣០ និង លទ្ធផលនៃការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០២២ និង ពីស្ថានភាពស្ត្រី យុវវ័យ កុមារ និង ជនងាយរងគ្រោះ តាមវិស័យពាក់ព័ន្ធ រួមមានវិស័យអប់រំ , សុខភាព , អនាម័យទឹកស្អាត , សន្តិសុខស្បៀង , សង្គមកិច្ច , ពលកម្មកុមារ , សមភាពយេនឌ័រ  និង សន្តិសុខសណ្តាប់ធ្នាប់ប្រចាំខែមករា និង សេចក្តីព្រាង ផែនការសកម្មភាព ប្រចាំឆមាសទី១ ត្រីមាសទី១ ។  កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកស្រី ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និង កុមារខេត្ត  ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និង អង្គការដៃគូរផងដែរ ។ 

ឆ្លងទៅតាមការអនុម័តនៃស្មារតីកិច្ចប្រជុំទៅតាមរបៀបវារៈដែលបានគ្រោងទុកទៅតាមវិស័យ ព្រមទាំងការផ្តល់មតិយោបល់ និង អនុសាសន៍ ដើមី្បដោះស្រាយបញ្ហាដែលបានលើកឡើង ក្នុងការដាល់បញ្ចូលផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២២ និងត្រៀមរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផល ការអនុវត្តផែនការសកម្មភាពប្រចាំខែ និង លើកទិសដៅ អនុវត្តបន្តខែកុម្ភះ និង សូមឲ្យអង្គការដៃគូចូលរួមសហការគាំទ្រសិក្ខាសាលាផងដែរ ។ 

លោកស្រី ស៊ិន ណម ក៏បានលើកឡើងពីកិច្ចការសំខាន់ៗនៃកិច្ចប្រជុំ អំពីសកម្មភាពរបស់ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និង កុមារខេត្ត ព្រមទាំងធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ ដែលអង្គប្រជុំបានលើកឡើង ដែលជាធាតុចូលដ៏សំខាន់ សម្រាប់គណៈកម្មាធិការយកទៅអនុវត្តទទួលលទ្ធផលល្អ ។ ក្នុងនោះដែរលោកស្រី ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដោយផ្តោតសំខាន់ ទៅលើស្ថានភាពស្ត្រី យុវវ័យ កុមារ និង ជនរងគ្រោះទៅតាមវិស័យពាក់ព័ន្ធ សំខាន់វិស័យអប់រំ , សុខភាព , អនាម័យទឹកស្អាត , សន្តិសុខស្បៀង , សង្គមកិច្ច , ពលកម្មកុមារ , សមភាពយេនឌ័រ , សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។ 

លោកស្រីក៏បានធ្វើការកោតសរសើរផងដែរ ចំពោះគណៈកម្មាធិការ និង អង្គការដៃគូ ក្នុងការចូលរួមផ្តល់មតិយោបល់អនុសាសន៍ ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើមី្បឲ្យកិច្ចការងារត្រូវអនុវត្តបន្ត ទទួលបានលទ្ធផលល្អប្រសើរ និង សូមឲ្យ អង្គការដៃគូបន្តគាំទ្រ គ្រប់សកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និង កុមារខេត្ត នៅតាមមូលដ្ឋានក្រុង ស្រុកទាំង១២ផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖