ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានទី១នៃរដ្ឋសភាស្នើឱ្យមេឃុំបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អដើម្បីទទួលបានការគាំទ្រពីការបោះឆ្នោតនាពេលខាងមុខ

ចែករំលែក៖

ខេត្តព្រៃវែង ៖ លោកបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា  អនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង នៅថ្ងៃទី២២ខែមករាឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលរវាងក្រុមតំណាងរាស្រ្តខេត្តព្រៃវែង ជាមួយក្រុមការងារថ្នាក់ក្រោមជាតិ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋស្រុកពាមរក៍២៧១នាក់រួមទាំងបេក្ខជនត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ប្រារព្ធធ្វើនៅស្រុកពាមរក៍ ខេត្តព្រៃវែង។

លោកបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គសន្និបាត ដែលបានបង្ហាញអំពីស្មារតីសាមគ្គីភាព និងឯកភាពគ្នាខ្ពស់របស់សមាជិក សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមយ៉ាងផុសផុល និងបានបំពេញការងារយ៉ាងសកម្មតាមរបៀបវារៈដែលបានកំណត់ ដោយបានយកចិត្តទុកដាក់ ពិនិត្យ និងតាមដានក្តាប់លើរាល់ខ្លឹមសារសំខាន់ៗទាំងឡាយ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។ 

លោកបណ្ឌិតជាម យៀប បាន មានប្រសាសន៍ថាថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ជាទីតាំងម្ចាស់ផ្ទះ សម្រាប់រៀបចំ “វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២” ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីកម្ពុជាគ្រប់គ្រងបាននូវស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ 

លោកអនុប្រធានទី១រដ្ឋសភាបានមានប្រសាសន៍បន្ថែមថា កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ដ៏ធំធេងពីសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយ និងការគ្រប់គ្រងបាននូវស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងបង្កើនភាពសាំក្នុងសហគមន៍ ហើយប្រជាពលរដ្ឋម្នាក់ៗបានចាក់វ៉ាក់សាំងយ៉ាងតិច២លើក និងកំពុងដំណើរការចាក់ដូសទី៣ ឬដូសជម្រុញ សម្រាប់ការបោះជំហានឆ្ពោះទៅរករបៀបវារៈជាអាទិភាព នៃយន្តការពហុភាគីនិយម ក្នុងការផ្លាស់ប្តូរគំនិតយោបល់ ព័ត៌មានល្អៗ ដើម្បីជំរុញ និងអភិវឌ្ឍសម្បទាទេសចរណ៍ និងការផ្លាស់ប្តូរភ្ញៀវទេសចរអាស៊ាន ប្រកបដោយគុណភាព សុវត្ថិភាព ក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕

ដោយ៖ សូរិយា


ចែករំលែក៖