រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានសម្រេចផ្តល់សិទ្ធិរស់នៅដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន១៥ពាន់នាក់ តាមកម្មវិធីមនុស្សធម៌។ ជនជាតិអាហ្វហ្គានីស្ថានដែលទទួលបានសិទ្ធិរស់នៅនិងធ្វើការនៅក្នុងប្រទេសអូស្ត្រាលី គឺធ្លាប់បានធ្វើការឱ្យកម្លាំងទាហានអូស្ត្រាលី ក៏ដូចជាស្ថានទូត និងអង្គការនានារបស់អូស្ត្រាលីនៅអាហ្វហ្គានីស្ថាន។
រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃទី ២១ខែមករា បានប្រកាសថា ការសម្រេចខាងលើគឺស្ថិតនៅក្នុងកម្មវិធី វីសាមនុស្សធម៌សម្រាប់គ្រួសារជនជាតិអាហ្វហ្គានីស្ថាន ។ តាមគម្រោងអូស្ត្រាលីនឹងផ្តល់សិទ្ធិរស់នៅដល់អតីតបុគ្គលិកបម្រើការទាហានអូស្ត្រាលីពេលឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក Alex Hawke បានបញ្ជាក់ថា កម្មវិធីមនុស្សធម៌នេះ អូស្ត្រាលីនឹងផ្តល់វីសាមនុស្សធម៌ចំនួន១ម៉ឺន និងវីសា គ្រួសារចំនួន៥ពាន់មករស់នៅប្រទេសអូស្ត្រាលី។ លោក Alex Hawke បានបញ្ជាក់ទៀតថា មកទល់ពេលនេះអូស្ត្រាលីទទួលបានលិខិតស្នើសុំវីសាមនុស្សធម៌ពីពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ១៤៥ពាន់នាក់ ហើយរដ្ឋាភិបាលនឹងបន្តដោះស្រាយនាពេលខាងមុខ៕ ដោយ៖ធីរីណា
រូបថត៖AFP