ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)…*សម្លៀកបំពាក់ក្នុងឱកាសរៀបមង្គលការ

 រៀបមង្គលការឬអាពាហ៍ពិពាហ៍បុត្រ បុត្រធីតាឱ្យមានស្វាមីភរិយាជាពិធីមួយរបស់មនុស្សគ្រប់ប្រទេសគ្រប់ជាតិសាសន៍គេតែងតែធ្វើ ព្រោះជាទម្លាប់ទំនៀមសម្រាប់សម្គាល់ឲ្យដឹងថាបុត្រ បុត្រធីតាដែលរៀបការជាគូស្រករនេះប្រកបដោយដំបូន្មាននៃមាតាបិតា គ្រូអាចារ្យ ចាស់ទុំ ក្នុងត្រកូលរៀងៗខ្លួន។ តែការរៀបចំផ្សំផ្គុំកូនស្រីនិងកូនប្រុសឲ្យជាប្ដីប្រពន្ធមានរបៀបប្លែកៗគ្នាតាមជាតិតាមប្រទេសកុំថាឡើយតែជាតិដទៃប្រទេសដទៃសូម្បីតែជាតិមួយប្រទេសមួយផងគ្នាខុសគ្នាតែខេត្តនិងស្រុកប៉ុណ្ណោះ។របៀបរៀបចំមង្គលការក៏រមែងប្លែកអំពីគ្នាខ្លះដែរ។

 ក្នុងទីនេះសូមសំដែងតែអំពីសម្លៀកបំពាក់ក្នុងឱកាសរៀបមង្គលការឬអាពាហ៍ពិពាហ៍។១- សម្រាប់សមីខ្លួនអ្នកការ ២- ភ្ញៀវគឺមានសាច់សារលោហិតជិតឆ្ងាយព្រៀងលាននិងមិត្តសម្លាញ់។

 បុរាណខ្មែរ សាមីខ្លួនមិនរាប់អានសោះពណ៌ស និងពណ៌ខ្មៅ ក្នុងឱកាសរៀបមង្គលការឬអាពាហ៍ពិពាហ៍។ សូមសង្កេតមើលចុះសាម៉ីខ្លួនអ្នកការមិនដែលស្លៀកពាក់សំពត់អាវខ្មៅសសោះឡើយ។គេប្រើតែពណ៌លឿងនិងក្រហមជាឯក  ពណ៌ឯទៀតជាបន្ទាប់បន្សំ។

 ដូចជាសាមីខ្លួនកូនប្រុសពេលស្ដាប់ព្រះសង្ឃចម្រើនព្រះពុទ្ធមន្តគេស្លៀកសំពត់សារបាប់។ បើរកសំពត់អាវសារបាប់មិនបាន គេស្លៀកសំពត់សូត្រពណ៌ផ្សេងៗ(ផាមួង)ពាក់អាវពណ៌  ឬអាវផ្កាមាស។

 ដល់ពេលសំពះទទួលស្លាពរទឹមពាក់អាវផាយព្រែក្រហមពីលើអាវសារបាប់ទៅទៀត ឯអស់លោកដែលមានយសស័ក្កិជាមន្ត្រីធំក្តី តូចក្តី អាវផាយក្រហមនោះមានប៉ាក់ឌិនមាសជាផ្កាលើសាច់ព្រែថែមទៀត។ 

 សំពះស្លាពរហើយផ្លាស់ស្លៀកសំពត់ផាមួងពណ៌និងអាវកុត ឬអាវចិនទៀតក៏បាន។ចំណែកសាមីខ្លួនស្រី  ពេលស្ដាប់ព្រះសង្ឃចំរើនព្រះពុទ្ធមន្តក្តី។ព្រឹកឡើងផ្ទឹមក្តីសម្លៀកបំពាក់គ្រឿងអលង្ការប្រើតែមួយបែប។

 គេតែងខ្លួនស្លៀកពាក់តែសំពត់អាវពណ៌ជាដរាប អ្នកមានទ្រព្យសម្បត្តិច្រើនគ្រប់ជាន់ថ្នាក់គេតែងខ្លួនប្រាណដូចល្ខោនព្រះរាជទ្រព្យគឺដូចស្រីទេពធីតាដែលយើងឃើញក្នុងគំនូរខុសគ្នាតែមិនពាក់មកុដ។ គេស្លៀកសំពត់សារបាប់ឬសំពត់ល្បើកពាក់អាវទ្រនាប់ពណ៌ក្រហមលឿង។ល។ ពាក់ស្បៃឬភួយប៉ាក់ឌិននិងគ្រឿងអលង្ការផ្សេងៗថែមទៀត។ចំណែកខាងអ្នកស្រែចម្ការដែលក្រខ្សត់ប្រដាប់តែងខ្លួនដូចអត្ថាធិប្បាយខាងលើនេះ គេស្លៀកសំពត់ផាមួងឬហូលពាក់អាវបំពង់វែង និងពានាផាហ៊ុមព្រែពណ៌ផ្សេងៗ។  ដដល់មកសម័យថ្មីនេះ អ្នកខ្លះផ្លាស់ប្ដូរបែបផែនតែងខ្លួនក្នុងមង្គលការឬអាពាហ៍ពិពាហ៍នេះ ឲ្យងាយរៀបចំខ្លួនទៅវិញ ដោយហេតុពិបាករកខ្ចីឬជួលគ្រឿងមកតែងខ្លួនដូចទេវតាពេក ក៏ចាត់ការដេរអាវបែបទំនើបថ្មីតាមសម័យនិយមគឺអាវប្រែពណ៌ផ្សេងៗមានតម្លៃក៏គួរសម តាមធនធានហើយស្លៀកសំពត់សូត្រពណ៌តាមថ្លៃ។ ក្រៅពី ៣ ពេលនេះក៏ដោះចេញស្លៀកពាក់តាមបែបតែងខ្លួនឲ្យស្អាតតាមធម្មតាវិញ។     ឯអ្នកផ្លូវចៅមហាទៀតដែលជាអ្នកនិយាយការនិងលោកមេបាចាស់ទុំត្រកូលរៀមច្បងខាងស្រីក៏មានសម្លៀកបំពាក់ពណ៌ជាដរាប។ អ្នកមហាមានអាវផាយក្រហមពាក់ជាយ.ស.ស័ក្កសមសម្រាប់មុខងារ។

 ការដែលខ្ញុំរៀបរាប់បន្តិចនេះគ្រាន់តែបញ្ជាក់ឲ្យឃើញថាខ្មែរពីបុរាណរាប់អានសំពត់អាវពណ៌ក្នុងឱកាសរៀបមង្គលការឬអាពាហ៍ពិពាហ៍។(នៅមានត)

(ស្រាវជ្រាវនិងកែសម្រួលដោយចៅតាជេត)


ចែករំលែក៖