ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនទំនងស្រវឹងស្រាបើករថយន្តបុកផ្ទះលក់ទំនិញបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រាខ្លាំងហើយបានបើករថយន្តរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋដែលកំពុងរៀបចំអីវ៉ាន់លក់ដូរបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។ 

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៥នាទីព្រឹក ថ្ងៃទី២៣ ខែ​មករា​ ឆ្នាំ២០២២នៅលើផ្លូវ ៣SVR៧ ស្ថិតក្នុងភូមិ​ចេក​ ឃុំ​សំរោង ស្រុកចន្រ្ទា​ ។

   យោងតាមសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឱ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ ប៉ែន សាវិន អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង មានប្ដីឈ្មោះទេព ធារ៉ា  អាយុ៣៤ឆ្នាំ ដោយផ្ទះ រងខូចខាតផ្នែកខាងមុខទាំងស្រុង។

   ចំណែកជនបង្កហេតុមានឈ្មោះសាង ហួយឈីង  អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងកាសុីណូសៀងហៃរីសត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ។

   តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BD-៣៦៥៥ ខណៈបើកមកដល់ត្រង់ចំណុចកែងផ្លូវបត់ចូលវត្តបទុមរង្សីហៅវត្តចេកក៏បានជ្រុលចង្កូតទៅបុកស្ត្រីម្នាក់ដែលកំពុងរៀបចំអីវ៉ាន់លក់ដូរ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ។

    សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាមូលហេតុមកអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងទើបជួបករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងបែបនេះ។

   សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យបងប្អូនសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖