ភ្នំពេញ ៖ បុរសជនជាតិចិនបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកខឿនឡើងសួនច្បាររួចបន្តទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើម បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល ត្រូវដឹកយកទៅសង្រ្គោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជនជាតិចិនមួយក្រុម បានបើករថយន្តម៉ាក starex ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BB-2378 បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតបុកឡើងខឿនសួនច្បារបាក់អស់ជាច្រើនកង់ រួចបន្តទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើម បណ្តាលឲ្យមនុស្ស៣ នាក់ នៅក្នុងរថយន្តរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ