ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី Armenia លាលែងចេញពីតំណែង

ចែករំលែក៖

ប្រធានាធិបតី អាមេនៀ (Armenia) លោក Armen Sarkissian បានប្រកាសនៅថ្ងៃទី ២៣ខែមករាថា លោកបានដាក់លិខិតលាលែងចេញពីតំណែង ក្រោយតុលាការរដ្ឋធម្មនុញ្ញមិនផ្តល់សិទ្ធិគ្រប់គ្រាន់ដល់លោកដើម្បីដោះស្រាយបញ្ហារបស់ប្រទេសជាតិ។
តាមការប្រកាសដែលបានបង្ហោះនៅលើបណ្តាញសង្គម ប្រធានាធិបតី អាមេនៀ បញ្ជាក់ថា ការសម្រេចលាលែងចេញពីតំណែង កើតឡើងក្រោយពេលបំពេញតួនាទីយ៉ាងសកម្មក្នុងរយៈពេលជិត៤ឆ្នាំកាន់អំណាច ។ លោកប្រធានាធិបតី បានលើកឡើងថា ក្នុងនាមជាប្រធានាធិបតី ប៉ុន្តែលោកមិនអាចជ្រៀតជ្រែកចូលកិច្ចការនយោបាយក្នុងប្រទេសបានឡើយ គឺមិនអាចដោះស្រាយគោលនយោបាយទាំងកិច្ចការក្នុងប្រទេសនិងកិច្ចការបរទេស តាមច្បាប់កំណត់ក្នុងរដ្ឋធម្មនុញ្ញជាតិ។
មានប្រភពព័ត៌មានបានលើកឡើងថា ប្រធានាធិបតី Sarkissian មិនចុះសម្រុងជាមួយនាយករដ្ឋមន្ត្រី Nikol Pashinyan ទៅលើបញ្ហាមួយចំនួន ក្នុងនោះមានទាំងការដកតំណែងប្រមុខដឹកនាំកម្លាំងទាហានអាមេនៀទៀតផង។
លោក Sarkissian បានក្លាយជាប្រធានាធិបតីទី៤នៅក្នុងប្រទេសអាមេនៀ ក្នុងអាណាត្តិ៧ឆ្នាំ ដោយលោកចូលកាន់តំណែងនៅខែមេសាឆ្នាំ២០១៨ ។ តាមរដ្ឋធម្មនុញ្ញកែប្រែកាលពីខែធ្នូ ឆ្នាំ២០១៥ ប្រធានាធិបតីមានតួនាទីជាតំណាងមិនមានអំណាចឡើយ ហើយអំណាចប្រតិបត្តិស្ថិតនៅលើនាយករដ្ឋមន្ត្រី៕ ដោយ៖ សាធី

រូបថត៖TASS

 

 


ចែករំលែក៖