អ្នកចាត់ការក្លិប Watford លោក Claudio Ranieri ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារ បន្ទាប់ពីដឹកនាំបានត្រឹមតែ១៤ប្រកួតប៉ុណ្ណោះដែលក្រុមនេះកំពុងដុនដាបនៅ Premier League ។
លោក Ranieriត្រូវបានក្លិបប្រកាសឲ្យដឹកនាំកាលពីខែតុលាដើម្បីជំនួសលោក XiscoMunoz បន្ទាប់ពីការបណ្តេញចេញ។
បុរសជនជាតិអុីតាលីវ័យ៧០ឆ្នាំរូបនេះមិនអាចធ្វើឱ្យប្រសើរឡើងរបស់ក្លិបWatford បានទេ ដោយក្រុមនេះទទួលបានត្រឹមតែ៧ពិន្ទុប៉ុណ្ណោះក្នុងរជ្ជកាលដ៏ខ្លីរបស់គាត់។ ត្រឹមតែ១១២ថ្ងៃបន្ទាប់ពីការតែងតាំងរបស់គាត់ Ranieri បានធ្វើឲ្យមានការធ្លាក់ចុះរបស់ក្រុម Watford ទៅកាន់តំបន់ដែលត្រូវកាត់ចោលបន្ទាប់ពីការបរាជ័យ ៣-០ កាលពីសប្តាហ៍មុនជាមួយនឹងគូប្រជែង Norwich ។
សេចក្តីថ្លែងការណ៍របស់ក្លិបបានឲ្យដឹងថា “ក្លិបបាល់ទាត់ Watford បញ្ជាក់ពីការចាកចេញរបស់គ្រូបង្វឹក Claudio Ranieri។ ក្រុមប្រឹក្សាភិបាលរបស់ក្លិបទទួលស្គាល់ Claudio ថាជាបុរសដែលមានភាពស្មោះត្រង់ និងកិត្តិយសដ៏អស្ចារ្យដែលតែងតែត្រូវបានគេគោរពនៅទីនេះនៅ Vicarage Road សម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការដឹកនាំក្រុមប្រកបដោយសេចក្តីថ្លៃថ្នូរ”។
សេចក្តីថ្លែងការណ៍បន្តថា “ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាភិបាលមានអារម្មណ៍ថា ជាមួយនឹងយុទ្ធនាការ Premier League ជិតពាក់កណ្តាលនៅសល់ ការផ្លាស់ប្តូរតំណែងឥឡូវនេះនឹងផ្តល់ឱ្យនូវការតែងតាំងថ្មីនូវពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការជាមួយក្រុមដែលមានទេពកោសល្យ ដើម្បីសម្រេចបាននូវគោលដៅភ្លាមៗនៃការរក្សាក្រុមនៅ Premier League ។ មិនមានការអត្ថាធិប្បាយបន្ថែមរបស់ក្លិបនឹងត្រូវបានធ្វើឡើងទេ រហូតដល់ការតែងតាំងថ្មីនេះត្រូវបានបញ្ជាក់ក្នុងពេលកំណត់”។Watford ស្ថិតនៅបាតតារាងទី២ដែលមាន២ពិន្ទុពីសុវត្ថិភាព បន្ទាប់ពីចាញ់៧លើកក្នុងចំណោមការប្រកួតលីគចំនួន៨ ចុងក្រោយរបស់ពួកគេ។ក្រុមនេះគ្មានជ័យជម្នះក្នុងការប្រកួតចំនួន៩ក្នុងគ្រប់ការប្រកួតទាំងអស់ ដែលជាការមិនឈ្នះយូរបំផុតរបស់ពួកគេគិតចាប់តាំងពីឆ្នាំ២០១៣មក។
ម្ចាស់ក្លិប Watford មានអារម្មណ៍ថា ពួកគេត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីផ្តល់ឱកាសដល់ក្រុម នៅពេលដែលពួកគេប្រយុទ្ធដើម្បីជៀសវាងការកាត់ចោល បន្ទាប់ពីរដូវកាលមុនបានឡើងពីក្របខ័ណ្ឌ Championship។
លោក Ranieri ធ្លាប់ដឹកនាំឈ្នះពាន Premier League ដ៏ល្បីល្បាញជាមួយ Leicester ក្នុងឆ្នាំ២០១៦ ប៉ុន្តែការដឹកនាំរបស់គាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសពេលនេះគឺមិនសូវជោគជ័យទេចាប់តាំងពីពេលនោះមក។ នៅ Fulham គាត់ត្រូវបានបណ្តេញចេញដែរបន្ទាប់ពីដឹកនាំបានត្រឹមតែ១០៦ថ្ងៃក្នុងឆ្នាំ២០១៩ ដោយក្លិបនៅទីបំផុតត្រូវកាត់ចេញពី Premier League បន្ទាប់ពីការបណ្តេញគាត់ចេញ។
ក្នុងរជ្ជកាលក្លិប Watford របស់លោក Ranieri បានចាប់ផ្តើមយ៉ាងអាក្រក់ បន្ទាប់ពី Liverpool បានយកឈ្នះពួកគេ ៥-០ ក្នុងការប្រកួតដំបូងរបស់គាត់។ ចំពេលមានការពិភាក្សាអំពីភាពចលាចលរបស់កីឡាករចំពោះវិធីសាស្រ្តរបស់គាត់ ការទទួលជ័យជម្នះ ៤-១ របស់ Watford លើក្រុម Manchester United ក្នុងខែវិច្ឆិកា គឺជាជ័យជម្នះលើកទីពីរ និងចុងក្រោយរបស់លោកជាមួយក្លិប។
អតីតគ្រូបង្វឹក Chelsea រូបនេះបានចាកចេញពី Vicarage Road ដោយចាញ់១១ប្រកួតក្នុងចំណោម១៤ប្រកួតរបស់គាត់។ ចាប់តាំងពីការចាកចេញរបស់លោក Javi Gracia ក្នុងឆ្នាំ២០១៩ ឥឡូវនេះក្លិប Watford បានបណ្តេញអ្នកចាត់ការទូទៅចំនួន៥នាក់ហើយ។ ក្លិប កំពុងស្វែងរកអ្នកគ្រប់គ្រងទី១៥របស់ពួកគេចាប់តាំងពីគ្រួសារ Pozzo បានទិញក្លិបក្នុងឆ្នាំ២០១២។
Watford នឹងសង្ឃឹមថានឹងមានអ្នកចាត់ការថ្មីម្នាក់នៅក្នុងពេលវេលាសម្រាប់ការប្រកួតដ៏សំខាន់របស់ពួកគេជាមួយនឹងក្រុម Burnley នៅថ្ងៃទី៥ ខែកុម្ភៈខាងមុខ។ ក្រុមនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងលោក Diego Martinez ដែលជាជនជាតិអេស្ប៉ាញដែលបានចាកចេញពីការងាររបស់គាត់ជាគ្រូបង្វឹកក្រុម Granada កាលពីខែឧសភាឆ្នាំមុន ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)