ព័ត៌មានទាន់ហេតុការណ៍៖

លោក​ នេត្រ​ ភក្ត្រា​ អរគុណដល់សមាគមដំរីអេរាវត្តា ដែលបានយកចិត្តទុកដាក់ខ្ពស់ថែរក្សាកូនដំរីណូអែល

ចែករំលែក៖

ខេត្ត​រតនគិរី​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២៩​ ខែមករា​ ឆ្នាំ​២០២២នេះ​ យ៉ាងដូច្នេះ​ថា៖​ លោកសូមអរគុណដល់សមាគមដំរីអេរាវត្តា Airavata Elephant Foundation ដែលបានយកចិត្តទុកដាក់ខ្ពស់ថែរក្សាកូនដំរីណូអែល។ កូនដំរីណូអែលមានសុខភាពល្អ។

លោករដ្ឋលេខាធិការរូបនេះ​ បានបន្ថែមថា​ ក្រសួងបរិស្ថាន​ បានគាំទ្រការអភិរក្សដំរីនៅកម្ពុជាដោយបានប្រគល់ថវិកាមូលនិធិបរិស្ថាន និងសង្គមជូនទៅ«សមាគមអភិរក្សដំរីអៃរាវត្តា»។ 

ជាក់ស្ដែង​ ក្រសួងបរិស្ថាន​ បានគាំទ្រ ចំពោះស្មារតីរបស់សមាគមអៃរាវត្តា ក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរី ដែលជាសត្វកម្រ និងជិតផុតពូជ។ 

ជាមួយគ្នានោះ​ ក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃ​នេះដែរ​ ក៏បានបង្ហាញ​ពីសំពោចកលឿង (ឈ្មោះអង់គ្លេស៖ Yellow-throated Marten ឈ្មោះវិទ្យាសាស្រ្ត៖ Martes flavigula) កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ សំពោចកលឿងមានរូបរាងប្រហាក់ប្រហែលនឹងសំពោចដែរ ប៉ុន្តែស្តើងទ្រវែងបន្តិច។ 

នៅក្នុងប្រទេសកម្ពុជា វាមានពណ៌ប្រែប្រួលទៅតាមតំបន់ផ្សេងៗដែលវារស់​នៅ ដូចជានៅភូមិភាគនិរតី ពួកវាមានដងខ្លួនស្ទើរទាំងមូលណព៌លឿង រីឯនៅភូមិ​ភាគខាងកើត ពួកវាមានពណ៌លឿងតែនៅត្រង់ក និងពោះប៉ុណ្ណោះ ហើយដងខ្លួនមានពណ៌ត្នោត។ ជាទូទៅ វាមានពណ៌​លឿងជានិច្ច ទោះបីវារស់នៅទីកន្លែងផ្សេងៗគ្នាក៍ដោយ។ 

សត្វប្រភេទនេះអាចរស់នៅក្នុងទីជម្រកគ្រប់ប្រភេទ ប៉ុន្តែវាចូលចិត្តរស់នៅក្នុងតំបន់ព្រៃស្រោងជាងគេ​ ហើយវាអាចឡើងដើមឈើបានយ៉ាងលឿន។ ចំណីអាហាររបស់វាមានដូចជា កំប្រុក ស៊ុត ពស់ បង្គួយ កង្កែប សត្វល្អិត ផ្លែឈើ ឬទឹកឃ្មុំផងដែរ។ សំពោចកលឿង ស្ថិតនៅក្នុងក្រុមប្រភេទមានដោយ​បង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (LC) ជាប្រភេទងាយរងគ្រោះថ្នាក់តិចតួច៕

ដោយ​៖ស​ តារា​​


ចែករំលែក៖