ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្តព្រះសីហនុ បានបើកការស៊ើបអង្កេតស្រាវជ្រាវ និងបង្រ្កាបមុខសញ្ញាក្រុមប្រព្រឹត្តបទល្មើស ចាប់ឃាត់ខ្លួនជនជាតិវៀតណាមមួយក្រុមមានគ្នាចំនួន ០៦នាក់ ពាក់ព័ន្ធករណីបង្ខាំងធ្វើទារណកម្មជំរិតទារប្រាក់ ដែលកំពុងកើតមាននៅលើទឹកដីខេត្តព្រះសីហនុ និងបានរំដោះស្ត្រីរងគ្រោះ០៣នាក់។ នេះបេីយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០២ ខែកុម្ភៈ ឆ្នាំ២០២២។
ជនសង្ស័យចំនួន០៦នាក់ ទី១៖ ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ បច្ចុប្បន្ន ស្នាក់នៅភ្នំពេញ។ ទី២៖ ឈ្មោះ NguYen Cong Danh ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ។ ទី៣៖ ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ។ ទី៤៖ ឈ្មោះ Ngo Tri Ha ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ។ ទី៥៖ ឈ្មោះ Teunh Van Quy ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រសីហនុ។ និងទី៦៖ ឈ្មោះ Le Van Chien ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ។
បើយោងតាមរបាយការណ៍របស់នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២២ និង៣០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានរាយការណ៍មកថា ខណៈដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដាក់ប៉ារ៉ាសត្រួតពិនិត្យពង្រឹងច្បាប់ចរាចរ នៅចំណុច ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BA-៧០៥៤ បើកយ៉ាងលឿន និងបានបើកបុកប៉ារ៉ាស់ត្រួតពិនិត្យ។
ភ្លាមនោះកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ បានសហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្ទាក់រថយន្តខាងលើដើម្បីត្រួតពិនិត្យ ជាលទ្ធផលក្នុងការឆែកឆេរ សមត្ថកិច្ចបានរកឃើញ កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់២ដើម និងពិលឆក់ ៣ដើម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦នាក់ (ស្រី ១នាក់) ជនជាតិវៀតណាម។ បន្ទាប់ពីធ្វើការសួរនាំកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យទាំង ០៦នាក់ (ស្រី ១នាក់) បានធ្វើសកម្មភាពចាប់ឃុំឃាំង, ធ្វើទារុណកម្ម និងបង្ខាំងមនុស្សជំរិតទារប្រាក់ លើនារីជនជាតិវៀតណាមចំនួន០៣នាក់ បានប្រាក់ជាង ៣៥.០០០ដុល្លារអាមេរិក រួចគេចមកខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ច ឃាត់ចាប់ខ្លួនតែម្តង។
ដោយឡែកសម្ភារចាប់យកបានរួមមាន៖ រថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២BA-៧០៥៤, កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់ ២ដើម, ពិលឆក់ ៣ដើម។
បច្ចុប្បន្នជនសង្ស័យ ៦នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី