(តពីលេខមុន)
ភ្ញៀវគប្បីឈរបន្តិចក្រែងអ្នកម្ចាស់ផ្ទះចេញភ្លាមតាមក្រោយអ្នកបំរើគេ បើជាយឺតបន្តិច យើងអាចនឹងអង្គុយទៅបាន តែត្រូវរំពៃស្ដាប់សូរជើងអ្នកផ្ទះ បើឮសូរដើរចេញជិតមកដល់មាត់ទ្វារហើយ ត្រូវយើងជាភ្ញៀវក្រោកឈរឡើងរង់ចាំគោរពអ្នកម្ចាស់ផ្ទះ។
បើមានបារីនៅលើតុដែលអ្នកចាក់ផ្ទះគេបម្រុងទុកទទួលភ្ញៀវនោះមិនត្រូវពិសារបារីនោះទេនៅពេលដែលរង់ចាំអ្នកផ្ទះត្រូវអត់ធន់ទំរាំអ្នកផ្ទះចេញមុខសិនហើយគេលើកជូនដោយគោរពនិងមេត្រីភាព។
អ្នកផ្ទះជូនបារីភ្ញៀវហើយ គប្បីយកឈើគូសជូនភ្ញៀវអុជបារីទៀតផង។
នៅពេលដែលរង់ចាំអ្នកផ្ទះ ភ្ញៀវមិនត្រូវបើកមើលសៀវភៅផ្សេងៗរបស់អ្នកផ្ទះដែលគេទុកឬនៅលើតុទេ។ បើអផ្សុកខ្លាំហត្រូវមើលតែរូបគំនូរនៅជញ្ជាំងផ្ទះគេបានហើយ។ ពេលអ្នកផ្ទះចេញមកទទួលភ្ញៀវ ភ្ញៀវនិងអ្នកផ្ទះត្រូវធ្វើគារវកិច្ចគួរសមនឹងគ្នាទៅវិញទៅមក ។ កិច្ចគារវៈនេះត្រូវកុំឱ្យច្រឡំ គឺប្រុសត្រូវគោរពស្ត្រីមុននេះតើយ៉ាងណាមិញ? ។
ថាបើបើអ្នកផ្ទះចេញមកទទួលទាំងភរិយា និងស្វាមី យើងជាភ្ញៀវ(ប្រុសស្រី) គប្បីធ្វើគារវកិច្ចចំពោះភរិយាអ្នកម្ចាស់ផ្ទះជាមុន។ផ្ទុយទៅវិញបើភ្ញៀវមកទាំងប្ដីប្រពន្ធ អ្នកផ្ទះប្រុសគប្បីធ្វើកិច្ចគួរសមនិងភរិយាគួរសមនឹងយកប្រុសផងគ្នាខាងក្រោយ។
តាមរបៀបខ្មែរបុរសត្រូវលើកដៃសំពះគួរសមនឹងស្ត្រី មិនត្រូវចាប់ដៃស្ត្រីទេ លុះណាតែស្ត្រីហុចដៃមកឲ្យចាប់មុនទើបចាប់បាន(ជាតិអឺរ៉ុបបុរសនិងស្ត្រីអាចចាប់ដៃគួរសមនឹងគ្នាបានអត់ទាស់)។
កិច្ចនេះក៏ពុំដាច់ថាដែរត្រូវគិតដល់ត្រកូលទៀតគឺថា
១- ធម្មតាជារាត្រូវគោរពក្សត្រខត្តិយត្រកូលមុន។
២- មន្ត្រីតូចតាចត្រូវគោរពមន្ត្រីធំៗមុន។
៣- រាស្រ្តតូច ត្រូវគោរពមន្ត្រីមុន ។
៤- ក្មេងត្រូវគោរពចាស់មុន។
៥- សិស្សត្រូវគោរពគ្រូអាចារ្យមុន(ទោះជាសិស្សមានយសស័ក្តិធំជាងក៏ដោយ)។
ប្រសិនបើជាភ្ញៀវឲ្យដំណឹងមកអ្នកផ្ទះពីថ្ងៃមុន ហើយអ្នកផ្ទះបានណាត់ពេលវេលាជាស្រេចនោះអ្នកផ្ទះត្រូវរៀបចំខ្លួនប្រាណរង់ចាំភ្ញៀវ ឯភ្ញៀវត្រូវមកឱ្យទៀងទាត់ពេលម៉ោងកុំឱ្យខុសហួសពី៥នាទីនាឡិកាឡើយ។
ត្រង់នេះអ្នកផ្ទះត្រូវបើកទ្វារបង្អួចផ្ទះទុកជាមុន ។ បើឃើញភ្ញៀវមកដល់ត្រូវដើរតម្រង់ចូលទៅទទួលភ្ញៀវតាមឋានៈភ្ញៀវនឹងយើងជាម្ចាស់ផ្ទះ។
គឺបើភ្ញៀវជាក្សត្រ យើងជារាស្រ្តសាមញ្ញត្រូវទៅទទួលអញ្ជើញស្ដេចឡើងតាំងពីព្រះទីនាំងរថមក។ (ភ្ញៀវរដ្ឋមន្ត្រីនឹងយើងជារាស្រ្តក៏ដូចគ្នាដែរ)។
ឋាន:ថយមកទៀត ខ្លះត្រូវទទួលនៅទ្វាររបងផ្ទះ ខ្លះជើងជណ្តើរផ្ទះខ្លះ នៅមាត់ទ្វារផ្ទះខ្លះ។ បើឋានៈស្មើគ្នាភ្ញៀវក្តី អ្នកផ្ទះក្តីគប្បីដើរចូលរកគ្នាត្រង់ទីណាក៏ត្រូវធ្វើគារវកិច្ចទៅវិញទៅមកនៅត្រង់នោះល្អជាងតាមសមគួរ៊ឯឯក្សត្រខត្តិយសត្រកូល និងមន្ត្រីធំៗ លោកពុំត្រូវចេញមកទទួលយើងឡើយសូម្បីតែត្រឹមមាត់ទ្វារដំណាក់ផ្ទះក៏ពុំសមដែរ។
រួចគោរពគួរសមនឹងគ្នាហើយអ្នកផ្ទះត្រូវអញ្ជើញភ្ញៀវឱ្យអង្គុយរួចទើបអ្នកផ្ទះអង្គុយក្រោយលើកលែងតែស្ត្រីអាចអង្គុយស្មើនឹងភ្ញៀវបាន។
នៅខណ:នោះ បើមានភ្ញៀវថ្មីមកទៀត ដោយភ្ញៀវមុនពុំទាន់លាចេញទៅវិញផង អ្នកផ្ទះគប្បីសុំទោសភ្ញៀវមុនបន្តិច រួចចេញទៅទទួលភ្ញៀវថ្មីនោះមកទៀត។ តែបើភ្ញៀវថ្មីជាមិត្តស្និតរបស់អ្នកផ្ទះ អ្នកផ្ទះពុំបាច់ដើរចេញទៅទទួលទេ គ្រាន់តែក្រោកឈរឡើង ហើយអញ្ជើញឲ្យចូលមកបានហើយ។ នៅពេលនេះបើភ្ញៀវចាស់និងភ្ញៀវថ្មី ជាជនពុំដែលស្គាល់គ្នា អ្នកផ្ទះគប្បីនាំភ្ញៀវទាំងពីរនេះឲ្យស្គាល់គ្នា(មានសេចក្តីអធិប្បាយពន្យល់របៀបទៅខាងក្រោយ) ដើម្បីនឹងបាននិយាយគ្នាលេងនឹងគ្នាខ្លះក្នុងគ្រានោះ។ ភ្ញៀវមុនត្រូវដឹងថាយើងល្មមគួរសមនឹងលាគេហើយឬនៅ? ត្រូវគិតក្រែងភ្ញៀវថ្មីមានកិច្ចអ្វីនិយាយសំខាន់នឹងអ្នកផ្ទះដោយកំបាំងមុខយើង។ ដូច្នេះយើងត្រូវទទួលរាក់ទាក់នឹងភ្ញៀវថ្មីរបស់គេបន្តិចទៅ ហើយលៃពេលល្មមកុំឱ្យគេថាយើងឃើញគេហើយរត់នោះ។ ត្រូវលាគេតាមកាលគួរសម។ (នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត