ភ្នំពេញ ៖ ក្មេងប្រុសទេីបតែអាយុ៩ឆ្នាំម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មខណៈកំពុងជិះកង់ចេញពីសាលារៀនហើយជិះកិនដុំថ្មរអិលដួលស្របពេលដែលរថយន្តកូរ៉េដឹកអំបោសមកដល់ចាប់ហ្វ្រ័ងមិនទាន់បានជ្រុលទៅកិនពីលើក្មេងរងគ្រោះកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវលេខ៥ ក្នុងបុរីសន្តិភាព២ ក្រុម១៥ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងប្រុសរងគ្រោះឈ្មោះ ស៊ាប សុខមីង ហៅឃាង អាយុ៩ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកឱពុកម្តាយ មានទីលំនៅក្បែរកន្លែងកើតហេតុ ។ ចំណែករថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-9275 ដឹកអំបោសដើរលក់ បើកបរដោយឈ្មោះ ឆិល កក្កដា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិបឹង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានស្រុកកំណើតនៅភូមិត្រពាំងក្រឡាង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។
តាមប្រភពនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនកើតហេតុក្មេងរងគ្រោះជិះកង់ វិលមកពីសាលារៀនដោយធ្វេីដំណេីរតាមផ្លូវក្នុងបុរីពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បត់ស្តាំឆ្ពោះទៅជើង ក៏ប៉ុន្តែដោយារនៅចំណុចកើតហេតុ សភាពផ្លូវមានការខូចខាត ហើយមានទួលថ្ម ទើបក្មេងរងគ្រោះពេលជិះឡើងធ្វើឱ្យរអិលដួល ស្របពេលដែលរថយន្តបង្ក បើកមកពីជើងទៅត្បូងជាន់ហ្វ្រ័ងមិនទាន់ ក៏ជ្រុលទៅកិនបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកដឹកយកចេញបានបន្តិចក្មេងរងគ្រោះក៏បានស្លាប់ទៅ ទើបដឹកយកទៅផ្ទះក្បែរនៅនោះតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យជាក់ស្តែង ហើយធ្វើការវាស់វែង យករថយន្ត កង់ និងអ្នកបើកបររថយន្ត ទៅការិយាល័យចរាចរណ៍ជើងគោកនៃ ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ