ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមុិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ណារ៉ុងផាន់ ​ជិតកែវធែ ​(Narongpan Jittkaewtae) ​មេបញ្ជាការ​កងទ័ព​ជើងគោក​ភូមិន្ទ​ថៃ។ 

ក្នុងជំនួបនោះ លោក ណារ៉ុងផាន់ ​ជិតកែវធែ បានគោរព សំដែងនូវអំណរអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានគោរពជម្រាបជូនសម្តេចតេជោថា  លោកពិតជាមានកិត្តិយសណាស់ដែលត្រូវបានព្រះមហាក្សត្រប្រគល់មេដាយសហមេត្រីជូនលោក។ លោកបានគោរពជម្រាបជូនសម្ដេចតេជោទៀតថា នេះគឺជាដំណើរចេញក្រៅប្រទេសលើកទី១ ហើយប្រទេសកម្ពុជាគឺជាប្រទេសទី១ ដែលលោកមកធ្វើទស្សនកិច្ចផ្លូវការក្នុងនាម មេបញ្ជាការកងទ័ពជើងគោករបស់ព្រះរាជាណាចក្រថៃ។ ជាមួយគ្នានេះ លោកក៏សូមសម្ដែងនូវ ការអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាជនកម្ពុជា ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ។ លោកសូមសំដែងនូវការគាំទ្រ នូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា កន្លងទៅថ្មីៗនេះ ហើយលោកមានជំនឿជឿជាក់ថា សម្ដេចតេជោនឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពអាស៊ាន នាពេលខាងមុខជាក់ជាមិនខាន។ 

លោកបានមានប្រសាសន៍បន្តទៀតថា កងទ័ពកម្ពុជា និងកងទ័ពថៃ មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ។ ក្នុងនាមលោកជាមេបញ្ជាការកងទ័ពជើងគោក លោក និងរក្សាទំនាក់ទំនងនេះ និងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងអំពើខុសច្បាប់ដទៃទៀត។ លោកក៏បានគោរពប្ដេជ្ញាជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកត្រៀមខ្លួនជាស្រេច ធ្វើយ៉ាងណាសហការជាមួយកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព និងសុវត្ថិភាព សម្រាប់ប្រទេសទាំងពីរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះលោក ដែលបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ ហើយក៏បានថ្លែងអំណរគុណចំពោះ លោក ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ នេះ និងអរគុណដែលបានគាំទ្រនូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។ លើសពីនេះទៅទៀតសម្ដេចតេជោក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្ដេចតេជោបានមានប្រសាសន៍ថា ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើង ជាពិសេសការជឿទុកចិត្តគ្នាទៅវិញទៅមក។ ឈរលើទំនាក់ទំនងដ៏ល្អនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា កងទ័ពគប្បីណាដើរតួនាទី ជាកងទ័ពការទូត រក្សាសន្តិភាព ស្ថិរភាព​ បង្កើនជំនឿទុកចិត្ត ឲ្យប្រជាជននៅតាមព្រំដែន មានជំនឿចិត្តប្រកបអាជីវកម្ម ជំរុញការអភិវឌ្ឍនៅតាមព្រំដែន ប្រែក្លាយព្រំដែនជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។ 

ក្នុងឱកាសនោះផងដែរសម្តេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលកន្លងមកបានជួយដល់ពលករកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសថៃ ហើយក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃដែលបានជួយដល់ប្រជាជនកម្ពុជា ពេលដែលប្រជាជនកម្ពុជាមានជំងឺ ដែលអនុញ្ញាតឲ្យចូលទៅព្យាបាលនៅក្នុងទឹកដីថៃ នៅតាមព្រំដែន។ ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន  សែន បានសំដែងនូវការអបអរសាទរ ចំពោះ លោក ដែលត្រូវបានព្រះករុណាសព្វព្រះរាជហឬទ័យ ប្រទានមេដាយសហមេត្រីជូនដល់ លោកនាពេលនេះ និងជូនពរ លោក អោយទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕


ដោយ ៖ សិលា


ចែករំលែក៖