..(តពីលេខមុន)
* ការលាគ្នា
ភ្ញៀវត្រូវកំុភ្លេចខ្លួនអំពីម៉ោងពេលឱ្យសោះ ត្រូវរំពៃឲ្យញយដងបន្តិចក្រែងអ្នកម្ចាស់ផ្ទះគេមានធុរៈផ្សេងៗតទៅទៀត ឬមានភ្ញៀវថ្មីទៀតមក ឬមានការប្រញាប់ចេញទៅណាមកណាទៀត។ បើយើងឃើញអ្នកផ្ទះរាក់ទាក់រីករាយសប្បាយនឹងយើង ដោយយើងជាញាតិ ឬជាមិត្តស្និទ្ធនោះ យើងក៏ត្រូវរវាំងកុំឲ្យសួរពីមួយម៉ោងទៅសោះ ដោយគិតក្រែងដល់ពេលម្ចាស់ផ្ទះគេអាស្រ័យបាយឬដល់ពេលត្រូវសម្រាក(គឺគេដេក) ។ កុំអង្គុយដល់ផ្ទះគេធុញទ្រាន់នោះឲ្យសោះ ត្រូវមានបារម្ភក្នុងខ្លួនជានិច្ច។
ក-ឪបមា. ដូចយើងបានអនុញ្ញាតពីអង្គក្សត្រខត្តិយត្រកូល មានព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាដើមទ្រង់ប្រោសព្រះរាជទានឡើងក្រាបថ្វាយបង្គំគាល់ហើយនោះ យើងពុំត្រូវនឹងក្រាបថ្វាយបង្គំលាខ្លួនឯងដោយពុំទាន់មានព្រះរាជទានព្រះរាជានុញ្ញាតនោះឡើយ។ ឯព្រះរាជានុញ្ញាតថ្វាយបង្គំលានោះ មានជួនកាលក៏មានព្រះរាជឱង្ការព្រះរាជទានថា ” ទៅចុះ” ហើយជួនកាល យើងត្រូវដឹងខ្លួនយើងថា ព្រះកាយពលព្រះអង្គហើយ នឿយព្រះអង្គណាស់ ដល់ពេលសោយហើយ ដល់ពេលចូលព្រះក្រឡាបន្ទំហើយ។ល។ គង់តែទ្រង់ព្រះរាជទានសញ្ញាអ្វីមួយប្រទានយើងឱ្យដឹងចាំយើងក្រាបថ្វាយបង្គំលាបាន បើពុំដូច្នោះទេ ត្រូវតែនៅគាល់ទាល់តែព្រះរាជទានឲ្យក្រាបបង្គំលា។
ខ- បើបានការអនុញ្ញាតទៅជួបនឹងលោកអ្នកធំ (ដូចជានៅមន្ទីរធ្វើការរដ្ឋមន្ត្រី) ឬចៅហ្វាយនាយ ក៏ត្រូវកុំភ្លេចគិតអំពីពេលវេលានឹងត្រូវលាចេញឬនឹងត្រូវបង្អង់ចាំស្ដាប់ប្រសាសន៍ឲ្យអស់ការសិន។
ដំណើរសន្ទនាគ្នាជាលំដាប់តាមរឿងរ៉ាវដែលយើងជំរាបសព្វគ្រប់ ហើយ លោកក៏បានតបមកវិញជាហូរហែនោះ យើងគប្បីជំរាបលាដោយមើលកាលវេលា មានកាលខ្លះលោកមានប្រសាសន៍ថា អញ្ជើញទៅចុះចាំខ្ញុំមើលឲ្យ ឬមិនអីទេចាំខ្ញុំជួយគិតឱ្យ ឬរឿងនេះមិនស្រេចទេ ឬខ្ញុំអរគុណហើយឬកំភ័យគិតតែ…ទៅ។ល។ ពាក្យទាំងប៉ុន្មាននេះ ជាឧទាហរណ៍គ្រាន់ជាបែបផែនឲ្យដឹងជាពាក្យបញ្ចប់រឿង ហើយព្រមទាំងឫកពារ ហាក់ដូចជាប្រាប់ថែមមកទៀតថា “ល្មមហើយ” យើងត្រូវជំរាបលាដោយរួសរាន់។
ជួនកាលមនុស្សអ្នកបម្រើ ឬ បណ្ណទូត “ប្លង់តុង” ចូលមកជម្រាបលោកថា មានភ្ញៀវមកទៀត លោកនេះ អ្នកនោះ អញ្ជើញមកសុំជួបនោះ យើងគប្បីរកហូបបាយបញ្ចប់រឿងឲ្យឆាប់ទៅ និងជំរាបលាវិញកុំឲ្យមានការធុញទ្រាន់។ (នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត