ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីការប្រជែងពានរង្វាន់ FA Cup ក្រោយចាញ់ក្រុម Middlesbrough ដែលកំពុងលេងនៅលីគទី២ Championship ក្នុងទឹកដី Old Trafford ដោយបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីប្រកួតស្មើ១ទល់១។
ខ្សែប្រយុទ្ធវ័យក្មេង Anthony Elanga របស់ក្រុមបិសាចក្រហមបានស៊ុតបាល់ប៉េណាល់ទីមិនចូល១គ្រាប់បានផ្តល់នូវជ័យជម្នះដល់ក្រុមMiddlesbrough ដែលត្រូវបានអបអរសាទរយ៉ាងក្លៀវក្លាដោយអ្នកគាំទ្រចំនួន៩,០០០នាក់។នេះជាលើកទី២ក្នុងជំនួបចំនួន១១លើកជាមួយនឹងក្រុមប្រឆាំងនៅ Premier League ដែល Middlesbrough មានការរីកចម្រើន បន្ទាប់ពីភាពជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើលដូចគ្នារបស់ក្រុមនេះលើក្រុម Manchester City កាលពីឆ្នាំ២០១៥។
Man United មានឱកាសរកបានគ្រាប់បាល់១គ្រាប់នៅតង់ទី១ដោយកីឡាករ Jadon Sancho នៅនាទីទី២៥ ដែលធ្វើឲ្យក្រុមបិសាចក្រហមមានសង្ឃឹមកាន់តែច្រើន ប៉ុន្តែចូលដល់តង់ទី២ ក្រុម Middlesbroughរកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី៦៤ដោយកីឡាករ Matt Crooks។
លទ្ធផល១ទល់១នេះបានរក្សារហូតចប់ការប្រកួត និងឈានដល់ការស៊ុតបាល់កាត់សេចក្តីប៉េណាល់ទី ហើយទីបំផុតក្រុមបិសាចក្រហម Man United ស៊ុតបាល់ចូល៧គ្រាប់ ខណៈដែលក្រុម Middlesbrough ស៊ុតចូល៨គ្រាប់ធ្វើឲ្យក្រុមនេះមានឱកាសឡើងទៅកាន់ជុំទី៥ នៃពានរង្វាន់ FA Cup ដែលការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះ។
នេះជាបរាជ័យក្នុងការប្រជែងទី២របស់ក្រុមបិសាចក្រហម Manchester United ដោយក្រុមនេះបានបាត់បង់ឱកាសប្រជែងពានរង្វាន់ League Cup ហើយពេលនេះបាត់បង់ការប្រជែងពាន FA Cup។ ចំណែកការប្រជែងយកកំពូលតារាង Premier League រដូវកាលនេះក៏ហាក់ដូចជាអស់សង្ឃឹមដែរ ដោយបច្ចុប្បន្នក្រុមបិសាចក្រហមកំពុងឈរលេខ៤បណ្តោះអាសន្នដែលចាញ់ក្រុមកំពូលតារាង Man City រហូតដល់១៩ពិន្ទុឯណោះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)