ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បុរសម្នាក់បានជិះម៉ូតូចេញទៅក្រៅ ហើយក៏បាត់ខ្លួនរហូតមកអស់ជាច្រើនថ្ងៃដោយមិនដឹងពីមូលហេតុ។ ក្រោយពីក្រុមគ្រួសាររុករកតាមតម្រុយនិងរាយការណ៍ទៅអាជ្ញាធរ និងនគរបាលប៉ុស្តិ៍មូលដ្ឋានក៏ប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ហើយក៏មានសភាពហើមស្អុយសឹងតែមើលមិនចង់ស្កាល់ផង។
សមត្ថកិច្ចមូលដ្ឋាន ក៏បានសហការជាមួយកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តនិងក្រុមគ្រូពេទ្យចុះមកអង្កេតស្រាវជ្រាវ ពិនិត្យសាកសពជនរងគ្រោះដើម្បីរកមូលហេតុ និងធ្វើកោសល្យវិច័យទៅលើដងខ្លួនសពទើបដឹងថា នេះជាអំពើឃាតកម្មដែលប្រព្រឹត្តទៅតាំងពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចប្រឡាយខ្លុង ក្នុងចម្ការស្វាយចន្ទីរបស់លោកសុខ គង់ ឋិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បើយោងតាមរបាយការណ៍ប៉ុស្តិ៍ឃុំសំអាងបានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយសមាជិកក្រុមគ្រួសារបានបាត់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២កន្លងមក នៅចន្លោះប៉ុន្មានថ្ងៃឪពុកជនរងគ្រោះឈ្មោះ អ៉ឹម ឌៀម បានទូរស័ព្ទរាយការណ៍មកថាបានបាត់កូនប្រុសមិនដឹងមូលហេតុ ហើយរកមិនឃើញ។ ក្រោយមកកម្លាំងប៉ុស្តិ៍ក៏បានរាយការណ៍ទៅអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ចុះស្រាវជ្រាវតាមរកភ្លាម។ ក្រោយមកក៏បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យ នៃស្នងការដ្ឋាននគបាលខេត្ត រួមនឹងក្រុមគ្រូពេទ្យ អាជ្ញាធរបានចុះពិនិត្យ ដល់កន្លែងកើតហេតុខាងលើ។ ដោយឃើញម៉ូតូជនរងគ្រោះជិះនោះបញ្ឈរចោល ហើយមានស្បែកជើង១គូ និងខោអាវដែលជនរងគ្រោះពាក់នោះត្រូវបានដោះចេញ។ សមត្ថកិច្ចក៏បានរុករកបន្តនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បានប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់នៅចំណុចចម្ការស្វាយចន្ទីលោកសុខ គង់ នៅវេលាម៉ោង១០៖៣០នាទី ដោយគ្មានសម្លៀកបំពាក់ជាប់ខ្លួនឡើយ។ ក្រោយមកការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើដងខ្លួនសាកសព ឃើញថាជាអំពើឃាតកម្ម ដោយនៅចំហៀងក្បាលខាងស្ដាំបែកផុងលលាដ៍ចេញខួរ អាចត្រូវនឹងវត្ថុរឹងទើបបណ្តាលឱ្យជនរងគ្រោះស្លាប់បាន។
មន្ត្រីនគរបាលប៉ុស្តិ៍បញ្ជាក់ថា: មុនកើតហេតុជនរងគ្រោះឈ្មោះឌៀម ចិន្តា (ហៅឡង់) ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឈ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានស្រុកកំណើតនៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកស្ទោង ខេត្តកំពង់ធំ បានជិះម៉ូតូចេញទៅជាមួយឈ្មោះ អំ ភាន់ ភេទប្រុសអាយុ២៤ឆ្នាំ។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង កំពុងដុតដៃ ដុតជើង និងសហការជាមួយកម្លាំងនគរបាលមូលដ្ឋានធ្វើការស្រាវជ្រាវយ៉ាងសកម្មដើម្បីវែកមុខឃាតកយកមក ដាក់ទោសទណ្ឌទៅតាមនីតិវិធីច្បាប់ឱ្យខាងតែបាន។
ចំណែកសាកសពសមត្ថកិច្ចនិងមន្ត្រីជំនាញបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា៕
ដោយ៖ មាស សុផាត