ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆ្លងនិងស្លាប់ដោយកូវីដ-១៩ នៅអាមេរិកបានថយចុះខ្លាំង

ចែករំលែក៖

ករណីឆ្លងកូវីដ-១៩នៅជុំវិញពិភពលោកមានសញ្ញាថយចុះជាងមុន ដោយប្រទេសជាច្រើនបានឆ្លងផុតចំណុចកំពូលនៃការឆ្លងកូវីដ -១៩។ នៅពេលនេះដែរ អាមេរិកមានករណីឆ្លងកូវីដ-១៩ថយចុះយ៉ាងខ្លាំងពីរាប់សែននាក់មកដល់ត្រឹមតែជាង៥ម៉ឺននាក់ប៉ុណ្ណោះ ។
នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ៥០,៧១១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៣៧៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៧៨,០១៧,៤០២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩២៦,០២៩នាក់ និងជាសះស្បើយឡើងសរុបជាង៤៧.៩៩លាននាក់។
កាលពីចុងសប្តាហ៍មុននេះ សហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសជាផ្លូវការអំពីតួលេខមនុស្សស្លាប់ដោយសារជំងឺ COVID-19 លោតចូលដល់ខ្ទង់៩សែននាក់។ អត្រាមនុស្សស្លាប់បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្រោយសហរដ្ឋអាមេរិករងការវាយប្រហារយ៉ាងដំណំពីមេរោគបំប្លែងថ្មី Omicron។
គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង៥៤៣លានដូស ក្នុងនោះប្រជាជន ២៥០.៩១លាននាក់ (៧៦.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១១.៨៨លាននាក់ (៦៤.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៨៩.៤៥លាននាក់ (២៧.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕

ដោយ៖ សាធី(រូបថត៖Reuters)


ចែករំលែក៖