ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកតូយ៉ូតាព្រូស បត់ឆ្វេងមិនប្រយ័ត្នម៉ូតូបុកពីក្រោយរបួសធ្ងន់២នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រុសស្រី២នាក់បានរងរបួសធ្ងន់ខណៈមានរថយន្តម៉ាកតូយ៉ូតាព្រូស បើកស្របទិសគ្នាហើយបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៧នាទីល្ងាចថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ២០២២ លើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ៣២និង៣៣នៅចំណុចភូមិអារក្សស្វាយ ឃុំអណ្តូងពោធិ ស្រុករមាសហែក ។

បើតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនរងគ្រោះមានឈ្មោះ គង់ សុខា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និង អ្នករួមដំណើរមានឈ្មោះ កែវ ចន្ធូ ភេទស្រី អាយុ២៦ឆ្នាំមុខរបរ កសិករ រស់នៅភូមិតាដែត ឃុំព្រះពន្លា ស្រុកស្វាយទាប ខេត្តស្វាយរៀងខណៈបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG ១ ១៧០៣ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះភឿក វណ្ណ: អាយុ២៧ឆ្នាំ មុខរបរ ជួសជុលរថយន្ត រស់នៅភូមិត្រពាំងបន្ទាយ ឃុំអណ្តូងពោធិ ស្រុករមាសហែក ។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២BC៦៤៧៤លើផ្លូវជាតិលេខ១៣ ក្នុងទិសដៅពីត្បូងមកជើងហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG ១ ១៧០៣ ជិះគ្នា២នាក់ក្នុងទិសដៅស្របគ្នាជាន់ហ្វ្រ័ងមិនទាន់បុកចំទទឹងរថយន្តពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ក្រោយមកអ្នករងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែកនិងធ្វើការវាស់វែងនិងអូសយកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖