ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារស្ត្រីម្នាក់ ទើបសម្រាលកូនរួចហើយទទួលមរណភាពទទួលអំណោយពីនាយកដ្ឋានសុខុមាលភាពសង្គម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន បាននាំយកអំណោយ និងថវិកាជូនគ្រួសារស្រ្តី អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលបានទទួលមរណភាព ក្រោយពេលសម្រាលកូនរួច។

  ពិធីនេះ ប្រព្រឹត្តទៅកាលរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រោមការជ្រោមជ្រែងពីនាយកដ្ឋាន សុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ ។

  លោក ឈួរ សុបញ្ញា  បានថ្លែងថា ស្រី្តខាងលើស្ថិតនៅក្នុងភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយជាគ្រួសារ ដែលកំពុងទទួលផលពីកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេល រាតត្បាតជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំជារៀងរាល់ខែ ។ គាត់មានជីវភាពក្រីក្រមែន តែមិនមែនក្រីក្រខ្លាំង ដូចការផ្សព្វផ្សាយកន្លងមកនោះទេ គឺគ្រួសារនេះ ជាគ្រួសារក្រីក្រកម្រិត ២ក៏ត្រូវទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាលដែរ។

  ក្នុងឱកាសនោះក្រុមគ្រួសារសពបានថ្លែងអំណរគុណយ៉ាងអនេកប្បការចំពោះលោកប្រធាននាយកដ្ឋានដែលបានយកចិត្តទុកដាក់ផ្ដល់នូវប្រាក់ឧបត្ថម្ភនិងសម្ភារៈប្រើប្រាស់មួយចំនួនដល់គ្រួសាររបស់គាត់ដែលមានម្ដាយបានទទួលមរណភាពថ្មីៗនេះ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖