ខេត្តស្វាយរៀង ៖ ព្រះគ្រូ រឹក សាបូ អនុគណក្រុងស្វាយរៀង និងជាព្រះចៅអធិការវត្ត បទុមសុផានារាម ហៅវត្តគយត្របែក និងព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តដែល មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យមកសម្រាប់ចាក់សាបទីធ្លា នៅក្នុងវត្ត និងជួសជុលរោងទទួលភ្ញៀវឡើងវិញ ។
ការដង្ហែរអង្គផ្កា រួចវេរអង្គផ្ការស្មីសាមគ្គីប្រគេនព្រះសង្ឃនេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០២២ស្ថិតនៅវត្ត បទុមសុផានារាម ហៅវត្តគយត្របែកក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀងដោយមានលោកលោកស្រី ឧបាសក ឧបាសិកា ទាយក ទាយិកានិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ពីទីជិត ទីឆ្ងាយ និងលោកតា លោកយាយ ចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ ។
ព្រះគ្រូ រឹក សាបូ អនុគណក្រុងស្វាយរៀង និងជាព្រះចៅអធិការវត្ត បទុមសុផានារាម ហៅវត្តគយត្របែកបានមានថេរដីកាថា ការផ្តួចផ្តើមប្រារព្ធធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ឡើងដោយមានការចូលរួមព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តគឺដើម្បីប្រមូលបច្ច័យមកសម្រាប់ចាក់សាបទីធ្លា នៅក្នុងវត្ត និងជួសជុលរោងទទួលភ្ញៀវឡើងវិញ ។
ពិធីនេះបានប្រព្រឹត្តរយះពេល២ថ្ងៃទៅយ៉ាងរលូនដោយព្រះអង្គសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួមចាប់មគ្គផលនិងអនុមោទនាយកផលានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
ជាចុងបញ្ចប់ព្រះគ្រូ រឹក សាបូ សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលចូរកើតមានដល់អស់លោកលោកស្រីនិងញាតិញោមទាំងអស់សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ យឹម សុថាន