ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រតិកម្មក្រោយអាមេរិកអនុម័តច្បាប់លក់អាវុធឱ្យកោះតៃវ៉ាន់មានតម្លៃជាង១០០លានដុល្លារ

ចែករំលែក៖

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៨ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបានឡើងគម្រោងលក់អាវុធមានតម្លៃ១០០លានដុល្លារឱ្យកោះតៃវ៉ាន់ ។
ក្រសួងការបរទេសចិនបានប្រកាសថា ការសម្រេចខាងលើរបស់អាមេរិកគឺបំពានច្បាប់ចិនតែមួយ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ ផលប្រយោជន៍ជាតិ។ មិនតែប៉ុណ្ណោះធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក នឹងចិនកាន់តែប្រឈមមុខតានតឹងដាក់គ្នា ក៏ដូចជាសន្តិសុខស្ថិរភាពនៅកោះតៃវ៉ាន់។
សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីថ្ងៃទី៨ខែកុម្ភៈសហរដ្ឋអាមេរិកបានអនុម័តការលក់ គ្រឿងបរិក្ខារមីស៊ីល និងកញ្ចប់សេវាដែលមានតម្លៃជាទឹកប្រាក់ «១០០លានដុល្លារអាមេរិក» ដល់តៃវ៉ាន់ហើយ ដើម្បីឱ្យកោះនេះអាចធ្វើទំនើបកម្ម និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវប្រព័ន្ធការពារមីស៊ីល Patriot របស់ខ្លួន ចំពោះមុខភាពតានតឹងជាមួយមហាយក្សចិន។
សេចក្តីថ្លែងការណ៍មួយចេញពីទីភ្នាក់ងារសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិរបស់សហរដ្ឋអាមេរិក (DSCA) បានលើកឡើងថា ស្ថាប័ននេះបានបញ្ជូនលិខិតបញ្ជាក់មួយទៅកាន់សភារួចរាល់ហើយ ជុំវិញការយល់ព្រមលក់គ្រឿងបរិក្ខារយោធា និងកញ្ចប់សេវាខាងលើនេះ ដោយក្រសួងការពារជាតិ តបតាមការស្នើរបស់ការិយាល័យតំណាងកោះតៃវ៉ាន់ ប្រចាំនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
យោធាកោះតៃវ៉ាន់បានបង្ហើបអំពីចេតនានៃការធ្វើទំនើបកម្មប្រព័ន្ធការពារមីស៊ីល Patriot របស់ខ្លួន នៅក្នុងជំនួបរវាងមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ នឹងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩។ បើតាមក្រសួងការបរទេសតៃវ៉ាន់បានបញ្ជាក់ថា យ៉ាងហោចណាស់១ខែទៀត កិច្ចព្រមព្រៀងខាងលើនេះនឹងសម្រេចចេញជាផ្លូវការ៕

ដោយ៖ សាធី(រូបភាព៖vov.vn)


ចែករំលែក៖