ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឧស្សាហ៍ធ្វើការគេរពឹសដៃផ្ទៃឆ្អែត ឯបុរសម្នាក់នេះវិញរពឹសដៃជាប់ខ្នោះសមត្ថកិច្ច ខណ:មានការងារជាច្រើនមិនធ្វើ បែរជាទៅលួចម៉ាសុីនភ្លើងគេ

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីលួចម៉ាសុីនភ្លើងគេមួយគ្រឿង ដោយគិតថាលូចគេវាគ្រាន់ តែបើគេទាន់វិញមានអី ខណ:រដូវនេះមានការងារធ្វើជាច្រើន មិនទៅរកធ្វើទេបែរជាគិតថាលួចគេស្រួល មានអីជាប់ខ្នោះដៃអាល័យម៉ែជួយផង!…        ហេតុការណ៍នេះកើតឡើងនៅចំណុច ការដ្ឋានសាងសង់រីសតមួយកន្លែងស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ 

   ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោកកែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កាលពីវេលាមោ៉ង១១ៈ៣០នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។

   បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងបានលុងបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះរៀម ប្រាជ ភេទប្រុស  អាយុ២៧ឆ្នាំ  ជនជាតិ  ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ សព្វថ្ងៃនៅភូមិថ្មដា សង្កាត់បឹងកន្សែង  ក្រុងបានលុង  ខេត្តរតនគិរី ។

   ការចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺយោងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយដឹកនាំកម្លាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ និងបានដកហូតវត្ថុតាងម៉ាស៊ីនភ្លើង១គ្រឿងម៉ាក YAMABISI ដែលជនសង្ស័យបានលួចយក។

   បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានយកមកទុកបណ្តោះសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ 

ដោយ៖ មាស សុផាត


ចែករំលែក៖