ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo គ្រោងនឹងពិភាក្សាជាមួយភ្នាក់ងាររបស់គាត់អំពីអនាគតនៅក្លិប Manchester United។ Ronaldo មានការខកចិត្តនឹងការត្រឡប់មកវិញនៅ Old Trafford ហើយចង់ជួបជាមួយលោក Jorge Mendes ដើម្បីពិភាក្សាពីអ្វីដែលជម្រើសរបស់គាត់នឹងមាននៅចុងបញ្ចប់នៃរដូវកាលនេះ។
គេយល់ឃើញថា Ronaldo សង្ឃឹមនឹងមានការពិភាក្សាទល់មុខគ្នាជាមួយភ្នាក់ងារលោក Mendes នៅពេលដែលគាត់ត្រឡប់ទៅព័រទុយហ្គាល់ក្នុងខែមីនាសម្រាប់ក្រុមជម្រើសជាតិរបស់គាត់ក្នុងវគ្គជម្រុះ World Cup ជាមួយក្រុមទួរគី។ ដូចដែលបានបង្ហាញកាលពីខែមុន Ronaldo កំពុងពិចារណាអំពីអនាគតរបស់គាត់នៅ Man United ខណៈដែលគាត់រង់ចាំរកមើលថា តើអ្នកចាត់ការអចិន្រ្តៃយ៍បន្ទាប់នឹងក្លាយជានរណា? ប៉ុន្តែចាប់តាំងពីពេលនោះមកគាត់បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទម្រង់លេងបន្ទាប់ពីការបង្កើតទំនាក់ទំនងវិជ្ជមានជាមួយគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ។
តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះបានបរាជ័យក្នុងការរកគ្រាប់បាល់ក្នុងការប្រកួត៥លើកចុងក្រោយរបស់គាត់ ដោយឃើញ Man United ធ្លាក់ចេញពីពានរង្វាន់ FA Cup ក្រោមថ្វីជើងក្រុម Middlesbrough ហើយបានរកឃើញថា ខ្លួនគាត់ត្រូវបានខកខានរកគ្រាប់បាល់ដ៏ខកចិត្តកាលពីថ្ងៃអង្គារនៅឯទឹកដីក្រុម Burnley ។
Ronaldo មានកុងត្រាជាមួយក្លិបបិសាចក្រហមរហូតដល់ឆ្នាំ២០២៣ ប៉ុន្តែកំពុងរង់ចាំមើលថា តើក្លិបនឹងតែងតាំងនរណាជាគ្រូបង្វឹកអចិន្ត្រៃយ៍បន្ទាប់? គាត់ត្រូវបានគេដឹងថា នឹងមិនគាំទ្រការតែងតាំងរបស់លោក Rangnickទេ ខណៈដែលអ្នកចាត់ការរូបនេះបានណែនាំឲ្យលោក Mauricio Pochettino និង Erik Ten Hag ជាគ្រូបង្វឹកក្លិបនាពេលអនាគត។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ Ronaldo បានសារភាពថា គាត់ភ័យខ្លាចការវិលត្រឡប់ទៅក្លិប Juventus វិញគឺមានគ្រោះថ្នាក់ក្នុងការក្លាយជាសុបិន្តអាក្រក់។ នាយកប្រតិបត្តិថ្មីលោក Richard Arnold នៅតែសង្ឃឹមថា នឹងបញ្ចុះបញ្ចូល Ronaldo ឱ្យទទួលយកជម្រើសនៃការបន្តរយៈពេល១២ខែចំពោះកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ដែលមានប្រាក់ឈ្នួល៥០០,០០០ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែគាត់ប្រឈមមុខនឹងការខកចិត្ត ព្រោះ Ronaldo ចង់ស្វែងយល់ថា តើក្លិបណាផ្សេងទៀតអាចនឹងរៀបចំផ្តល់ឱ្យគាត់នូវជម្រើសល្អក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ dailystar.com)